(ភ្នំពេញ)៖ នាយនគរបាលប៉ុស្តិ៍ប្រទះឡាង ខណ្ឌដង្កោ លោក ម៉ាច ហុង បានចេញមកការពារមន្រ្តីនគរបាល របស់ខ្លួនម្នាក់ឈ្មោះ អៀង ឆេងអាន ថា មិនបានជាប់ពាក់ព័ន្ធលើការចោទប្រកាន់ ពីការចាប់រំលោភនារីម្នាក់ នៅក្នុងទីស្នាក់ការប៉ុស្តិ៍នោះទេ ពីព្រោះថ្ងៃដែលនារី ម្នាក់នោះចោទប្រកាន់ បានខុសពីការពិត ដោយហេតុថា ថ្ងៃនោះគ្មានកម្មវិធីបុណ្យដារលានក្នុងភូមិនោះឡើយ។

សូមបញ្ជាក់ថា លោក អៀង ឆេងអាន មន្រ្តីនគរបាលប៉ុស្តិ៍ប្រទះឡាង ខណ្ឌដង្កោ ត្រូវបាននារីម្នាក់ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពងទឹក ចោទប្រកាន់ថា បានចាប់រំលោភនាងនៅក្នុងទីស្នាក់ការប៉ុស្តិ៍ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ហើយនាងទើបដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

ជុំវិញការចោទប្រកាន់ខាងលើនេះ នាយនគរបាលប៉ុស្តិ៍ប្រទះឡាង បានបញ្ជាក់នៅក្នុងលិខិតដែលផ្ញើជូន អធិការនគរបាលខណ្ឌដង្កោថា មន្រ្តីនគរបាលរូបនេះ បានមកបំពេញការងារយ៉ាងទៀងទាត់ ទាំងថ្ងៃទាំងយប់ ពោលមិនដែលអាក់ខាននោះទេ ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ថា នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលនារីរូបនោះចោទប្រកាន់ថា បានចាប់រំលោភនាង គឺមិនពិតឡើយ ពីព្រោះយប់ថ្ងៃនោះ មន្រ្តីនគរបាលរូបនេះ បានចុះល្បាតជាមួយលោក និងចៅសង្កាត់រហូតដល់យប់ជ្រៅទើបចូលសម្រាក។

ជាមួយគ្នានេះចំពោះការចោទប្រកាន់ថា បានចាប់រំលោភនាងនៅក្នុងបន្ទប់របស់នាយនគរបាលប៉ុស្តិ៍នោះ លោក ម៉ាច ហុង បានឆ្លើយតបវិញថា សោបន្ទប់របស់លោក មិនដែលឲ្យទៅនរណានោះទេ ពីព្រោះនៅក្នុងបន្ទប់មានឯកសារ និងទ្រព្យសម្បត្តិមួយចំនួន ដែលមានតម្លៃផងដែរ។

នារីរងគ្រោះដែលប្តឹងមន្រ្តីនគរបាលប៉ុស្តិ៍មាន ឈ្មោះ ថ ច.ប.រ.ម អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពងទឹក មានទីលំនៅ ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ខ្លួននិងជនសង្ស័យ បានស្រឡាញ់គ្នារយៈពេល៣ឆ្នាំកន្លងមកហើយ តែខ្លួននិងជនសង្ស័យ ទើបតែមានភាពស្និទ្និស្នាល និងគ្នាកាលពីដើមឆ្នាំ២០១៦ ហើយខ្លួននិងជនស្ស័យ ក៍ធ្លាប់បានដើរលេង​ជាមួយគ្នាជា​ច្រើនលើក​ច្រើនសារ។

លុះមកដល់យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ អ្នកភូមិបានប្រារព្ធពិធីបុណ្យដារឆ្លងភូមិ ហើយក៏មានការចាក់ធុងបាស រាំលេងកម្សាន្ដបន្ទាប់មក ខ្លួនបានសុំម្ដាយមកលេង រួចក៏បានជួបជា​មួយនិងជន​សង្ស័យ ក្រោយមករូបនាងត្រូវបានជនសង្ស័យ បបួលមកទីស្នាក់ការប៉ុស្ដិ៍ប្រទះឡាង ដោយប្រាប់ទៅប្ដូរខោអាវ ទៅចាប់ករណីគ្រឿងញៀន តែពេលមកដល់បែរជាអូសរូបនាង ចូលក្នុងបន្ទប់នាយប៉ុស្ដិ៍ រួចធ្វើសកម្មភាព ដោយដៃម្ខាងច្របាច់កនាង ហើយដៃម្ខាងទៀតដោះសម្លៀកពាក់ ហើយបានធ្វើសម្មភាពរំលោភបានសម្រេចតែម្ដង។

ក្រោយពីធ្វើសកម្មភាពរំលោភនាងបានសម្រេចហើយ ជនសង្ស័យបានលួងលោមរូបនាងថា រូបគេនឹងប្រាប់ឪពុកម្ដាយឲ្យចូលស្ដីដណ្ដឹង នាងតាមប្រពៃណី ហើយនាងក៏បានយល់ព្រម ដោយពុំមានការ​ប្ដឹង​ផ្ដល់នោះទេ ដោយខ្លួនសុខចិត្តរង់ចាំការសន្យា។

នារីរងគ្រោះរៀបរាប់បន្តថា លុះកន្លងបានប៉ុន្មានខែក្រោយមក នាងក៏បានលេចឮដំណឹងថា ជនសង្ស័យបានចូលស្ដីដណ្ដឹងនារីដទៃ ដោយគ្រោង នឹងរៀបការនៅក្នុងខែ ឧសភា ខាងមុខនេះ ទើបខ្លួនមិន​សុខចិត្ដ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប្រទះឡាង ដើម្បីឲ្យជួយរក យុត្ដិធម៌ដល់រូបនាង។

បើតាមការឲ្យដឹងពីជនសង្ស័យឈ្មោះ អៀង ឆេងអាន អាយុ២៨ឆ្នាំ មុខរបរជាមន្ដ្រីនគរបាលប៉ុស្ដិ៍ប្រទះឡាងតែម្ដង ដែលមានទីលំនៅ ក្នុងភូមិកើតហេតុបានឲ្យដឹងថា ខ្លួនពិតជាបានមាន​ទំនាក់ទំនង​ស្នេហា ជាមួយនារីនោះពិតប្រាកដមែន តែខ្លួនមិនបានប្រព្រឹត្ដិនូវរឿងដូច ដែលនារីម្នាក់នេះចោទនោះទេ។

ពាក់ព័ន្ធទៅនិងករណីនេះ លោក ឈឹម ប៊ុនរត្ន័ អធិការរងនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យមិនត្រូវបានធ្វើការឃាត់ខ្លួននោះទេ ដោយគ្រាន់តែប្រាប់ខាងជនរងគ្រោះថា ពុំមានភស្តុតាង​គ្រប់គ្រាន់ និងហួសថ្ងៃឃាត់ខ្លួន ដូច្នេះគ្រាន់តែកសាងសំណុំរឿងដើម្បីបញ្ជូនទៅ កាន់តុលាការ ដើម្បីស៊ើបអង្កេតតាមក្រោយ៕