(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីមក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា  រួមនិងក្រុមការងារ​ជាច្រើននាក់ បានចុះជួយសាង សង់ផ្ទះទំហំ៥​គុណ​៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី  ជូន លោក អែម ខ្នា អតីតយុទ្ធជនពិការរស់​នៅភូមិអង្គតាភោគ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ។

ក្រុមការងារដែលចូលរួមសកម្មភាពជាមួយ នាយឧត្តមសេនីយ៍ គន់ គីមរួមមាន នាយឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរង ប្រចាំការនៃសមាគម អតីតយុទ្ធជនកម្ពុជា និងលោកស្រី អ៉ិន ម៉ានិត ប្រធានតុលាការខេត្តតាកែវ ព្រមទាំងមន្រ្តីមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។

តាមសេចក្តីរាយការណ៌ពីលោក ឡុក សារីក មេឃុំសន្លុងបានឲ្យដឹងថា «លោក អែម ខ្នា ជាអតីតយុទ្ធជនពិការមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ចូលបំរើក្នុងជួរកងទ័ព​តាំងពីឆ្នាំ១៩៨២ នៅអង្គភាពវរសេនាធំលេខ២១ កងពលតូចលេខ៦ ឈរជើងនៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបានទទួល​គ្រោះ​ថ្នាក់ដាច់​ជើងម្ខាងក្នុងឆ្នាំ​១៩៨៧ដោយសារគ្រាប់មីន ។ ​បច្ចុប្បន្នលោក អែម ខ្នា បានមករស់នៅជាមួយភរិយារបស់លោកដែល មានកូន ក្នុងបន្ទុកចំនួន៣នាក់។ លោក អែម ខ្នា មិនមានទ្រព្យសម្បត្តិ ឬតំណែលធំដុំអ្វីនោះទេ  មានតែដីស្រែប្រមាណជា១ហិចតាប៉ុណ្ណោះ ដែលរដ្ឋ បាលបែងចែកឲ្យកាលមុនពេលលោកចេញទៅបំរើកងទ័ពនៅតំបន់ព្រំដែនភាគខាងលិច។ ក្រោយមក​អាស្រ័យ​ដោយភរិយារបស់លោកឧស្សហ៍​មានជម្ងឺញឹកញ៉ាប់​លោកក៏​សម្រេចចិត្តលក់ដីស្រែនោះបន្តិចម្តងៗ ដើម្បីព្យាបាលជម្ងឺភរិយា។ កត្តានេះ​ហើយដែលធ្វើ​អោយជីវភាព​របស់ក្រុមគ្រួសារលោក កាន់​តែមានសភាពដុនដាប​ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្ទះសំបែងក៌ចាស់ទ្រុឌទ្រោម និងគ្មានថវិកាសម្រាប់ជួសជុល»

នៅក្នុងឱកាសនោះដែរ លោក គន់ គឹម បានណែនាំឲ្យសមាគមអតីត​យុទ្ធជនគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់​ក្នុងការជួយ សាងសង់ផ្ទះជូនសមាជិក​អតីត យុទ្ធជន ដែលមានជីវភាពលំបាក ហើយ សមាគមអតីត​យុទ្ធជនកម្ពុជា អាជ្ញាធរដែនដី និងសប្បុរសជននានា បានរួមចំណែកជួយឧបត្ថម្ភគាំទ្រជាថវិការ សម្ភារៈ ដែលនេះជាវប្បធម៌ចែករំលែក ក្នុងការលើកកម្ពស់​ជីវភាពអតីតយុទ្ធជន​ឲ្យកាន់​តែមាន​ភាពប្រសើរឡើង ជាមួយនិងការចុះសាងសងផ្ទះនេះដែរ លោក គន់ គឹម បាន​ឧបត្ថម្ភ ដល់គ្រួសារលោក អែម ខ្នា នៅថវិការចំនួន១០លានរៀលផងដែរ៕