(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០២១ និងប្រចាំឆ្នាំ២០២១ ព្រមទាំងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត លោកស្វាយ សំអ៊ាង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្ម ជាងនេះទៅទៀតនោះ លោកអភិបាលខេត្ត បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ៕