(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកស្រី គឹង ចាន់ឌី ចំពោះមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹម។

ក្នុងសាលិខិតរំលែកមរណទុក្ខផ្ញើជូនលោកទេសរដ្ឋមន្ត្រី គន់ គីម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ លោក អ៉ឹម ឈុនលឹម បានចាត់មរណភាពរបស់មហាឧបាសក ផឹង គឹង គឺជាការបាត់បង់លោកឪពុកក្មេ លោកឪពុកបង្កើត ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ ដែលមួយជីវិតរបស់មហាឧបាសក បានបំពេញនូវកុសលធម៌ទាំងឡាយ ជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសដ៏សោកសៅនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម និងភរិយា ចូលរួមមរណទុក្ខជាមួយលោកទេសរដ្ឋមន្ត្រី គន់ គីម និងភរិយា និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានទទួលមរណភាពនៅវេលាម៉ោង១៖៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ៕