(កណ្តាល)៖ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹក និងជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកោះ​ធំទាំងអស់ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការផ្តល់សេវា និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលមិនត្រូវឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថ្នាំងថ្នាក់ ព្រោះភាពអសកម្មនោះឡើយ។

ការថ្លែងជំរុញរបស់លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ  ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងកម្មវិធីការងារសំខាន់ៗ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ស្រុកកោះធំ ខេត្តកណ្តាល។

គណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ ដែលមានលោក ស៊ុន ចាន់ថុល ជាប្រធានគណៈពង្រឹងការងារ ត្រូវបានមើលគេមើលឃើញថា សមាជិក សមាជិកា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់​ក្នុងការ​ផ្តល់សេវា ហើយក៏តែងបានចុះជួយដោះស្រាយភ្លាមៗនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយក៏មានផ្តល់ជាថវិកាឧបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ ឬក្រុមគ្រួសារ ដែលមានសមាជិក​ទទួលមរណភាព​ផងដែរ​។ ក្នុងនោះក្រុមការងារ ក៏បានប្រឹងប្រែងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន និងទីអារាមជាដើម។

បន្ថែមពីលើការងារ ដែលសម្រេចបាន លោក ស៊ុន ចាន់ថុល បានដាស់តឿនឲ្យសមាជិកបក្សក្នុងស្រុកកោះធំ ត្រូវតែបន្តចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋស្វែងយល់ពីតម្រូវការ និងទុក្ខលំបាក ដែលពួកគាត់កំពុងជួបប្រទះ ហើយត្រូវរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

ការងារ ដែលលោក ស៊ុន ចាន់ថុល ជំរុញឲ្យសមាជិកយកចិត្តទុកដាក់ខ្ពស់បំផុតនោះ គឺការផ្តល់សេវាក្នុងការធ្វើលិខិតស្នាមផ្សេងៗ ដូចជាអត្តសញ្ញាណបណ្ណសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈជាដើម។

លោក ស៊ុន ចាន់ថុល បានក្រើរំលឹកថា សមាជិកទាំងអស់មិនត្រូវស្ពឹកស្រពន់ការងារជាហេតុនាំឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់នោះឡើយ។

លើសពីនេះទៀត លោក ស៊ុន ចាន់ថុល បានឲ្យសមាជិក សមាជិកាបក្សទាំងអស់បង្កើនសាមគ្គីភាពផ្ទៃក្នុងបក្ស ហើយធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានច្បាស់លាស់ និងត្រូវបង្កើនសមាជិកភាព​បក្ស​ផងដែរ។ លោក ស៊ុន ចាន់ថុល បានណែនាំឲ្យសមាជិក សមាជិកា គណៈពង្រឹងការងារ ត្រូវចុះពន្យល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត និងត្រូវពិនិត្យមើលថា តើពួកគាត់មានអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ហើយឬនៅ?

លោក ស៊ុន ចាន់ថុល បានសម្តែងការរំពឹងទុកថា សមាជិក សមាជិកាទាំងអស់ នឹងខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត បម្រើការងារជូនប្រជាពលរដ្ឋ បង្ហាញប្រជាពលរដ្ឋឲ្យឃើញ​ពីខិតខំរបស់រាជ​រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋបន្តក្តីស្រឡាញ់​ និងគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា៕