(ភ្នំពេញ)៖ មជ្ឍមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាព តាមស្តង់ដារនៃការអនុវត្តកសិកម្មល្អ (GAP) ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

មជ្ឍមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាព តាមស្តង់ដារការអនុវត្តកសិកម្មល្អ បានប្រសូត្រចេញពីការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន ត្រូភីខេម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ដោយប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក

លោក ងិង ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការសម្ពោធដាក់ឲ្យដំណើរការមជ្ឍមណ្ឌលបន្លែសុវត្ថិភាពគំរូនេះ ជាសមិទ្ធផលមួយថ្មីបន្ថែមទៀត នៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម ឆ្លើយតបទៅនឹងគោលនយោបាយនៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ទាក់ទងនឹងការអភិវឌ្ឍទំនើបកម្មកសិកម្ម និងការពង្រឹងខ្សែច្រវាក់តម្លៃដំណាំបន្លែ។

លោកបានលើកឡើងថា ជាការពិតស្ថិតក្រោមដំបូលសន្តិភាព ការវិនិយោគក្នុងវិស័យកសិកម្មក្នុងទស្សវត្សកន្លងមក ពិតជាបាននាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមានគួរឲ្យកត់សម្គាល់ ទាំងផ្នែកបច្ចេកទេសផលិតកម្ម គុណភាព និងទីផ្សារ ធ្វើឲ្យប្រទេសកម្ពុជាទទួលបានការរីកចម្រើន លើគ្រប់វិស័យ និងសម្រេចបានកំណើន សេដ្ឋកិច្ចយ៉ាងល្អ ដែលបាននាំមកនូវការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។

ការណ៍នេះ បានជំរុញឲ្យប្រជាពលរដ្ឋ កាន់តែមានលទ្ធភាពចំណាយ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ទៅលើចំណីអាហារជាមួយនឹងការទាមទារ នូវស្តង់ដារគុណភាព និងសុវត្ថិភាពកាន់តែខ្ពស់។ នៅឆ្នាំ២០២១នេះ ផ្ទៃដីផលិតកម្មដំណាំបន្លែមានប្រមាណ ៦៩ ០០០ហិកតា និងបរិមាណផលបន្លែសរុបទទួលបានប្រមាណ ៨០០ ០០០តោន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារនៅមានកត្តាប្រឈមមួយចំនួនទាំងក្នុងផលិតកម្មនិងបច្ចេកទេសក្រោយពេលប្រមូលផល ព្រមជាមួយកង្វះប្រព័ន្ធ ធានាគុណភាព និងសុវត្ថិភាព បានធ្វើឲ្យខ្សែច្រវាក់តម្លៃដំណាំបន្លែកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនទាន់មានលក្ខណៈប្រកួតប្រជែងរឹងមាំនៅឡើយ បើធៀបនឹងប្រទេសជិតខាង។ នេះជាការបញ្ជាក់បន្ថែម របស់លោក ងិង ឆាយ។

លោក ងិង ឆាយ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្គង់បន្លែដោយខ្លួនឯង បានគ្រប់គ្រាន់មួយរយភាគរយនៅឡើយ ដែលតម្រូវឲ្យមាន ការនាំចូលបន្លែបន្ថែម ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ប៉ុន្តែបន្លែដែលនាំចូលទាំងនោះ មិនមានប្រភពច្បាស់លាស់ និងមិនមានការត្រួតពិនិត្យកម្រិត សំណល់សារធាតុគីមី ដែលអាចនាំឲ្យប៉ះពាល់ដល់សុខមាលភាពអ្នកបរិភោគ។

លោកថា ក្នុងទិសដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាពផលិតកម្ម និងការផ្គត់ផ្គង់បន្លែបំពេញសេចក្តីត្រូវការក្នុងស្រុកប្រកបដោយគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែង ក៏ដូចជាដើម្បីពង្រីកទីផ្សារនាំចេញបន្លែបន្ថែមទៀត យើងបាននិងកំពុងតែប្រែក្លាយវិបត្តិអតុល្យភាព នៃការផ្គត់ផ្គង់បន្លែនេះ ឲ្យក្លាយទៅជាកាលានុវត្តិភាពថ្មីមួយ សម្រាប់វិស័យកសិកម្មកម្ពុជា។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម បានឲ្យដឹងថា នៅដំណាក់កាលដំបូងនៃការរៀបចំមជ្ឈមណ្ឌលនេះ ក្រុមហ៊ុនបានប្រើប្រាស់ ទុនវិនិយោគផ្ទាល់ខ្លួន គិតចាប់ពីដើមខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។ រយៈពេលប្រមាណ១ខែមកនេះ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងរៀបចំ រហូតប្រែក្លាយទីតាំងនេះ លេចចេញជារូបរាង ទោះបីប្រឈមនឹងបញ្ហាលំបាក ដោយសារអាកាសធាតុ និងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍២០-កុម្ភៈក៏ដោយ។

ជាមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ ប្រើប្រាស់ដីទំហំ៦ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខាងក្នុង និងជុំវិញមជ្ឈមណ្ឌលមានដូចជា ការជីកស្រះទឹក ការចាក់បំពេញដី ការពារទឹកលិចរដូវវស្សា ការរៀបចំប្រព័ន្ធផ្លូវទឹក អគ្គិសនី ការដំឡើងផ្ទះសំណាញ់ភ្ជាប់ជាមួយប្រព័ន្ធទឹកដំណក់ទឹកស្រោចស្រព ទំហំ១០ម៉ែត្រ គុណ៤៩ម៉ែត្រ ចំនួន២០ខ្នង ដើម្បីធានាការដាំដុះទាំង នៅរដូវប្រាំង និងរដូវវស្សា ដោយប្រើប្រាស់ទឹកតិច និងជីតិចព្រមទាំងដាំដុះ ប្រមូលផលបានចន្លោះពី ៨-៩ដង/ឆ្នាំ ថ្នាលបណ្តុះកូនពូជបន្លែ ព្រមទាំងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ប្រចាំថ្ងៃ។

ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងសីតុណ្ហភាពសមស្រប ហើយនឹងការបំពាក់នូវម៉ាស៊ីនលាងសម្អាតប្រព្រឹត្តកម្ម និងវេចខ្ចប់ដោយស្វ័យប្រវត្តិ រួមជាមួយមធ្យោបាយដឹកជញ្ជូននានា ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានសិក្សាលើថ្លៃដើម នៃការផលិតបន្លែក្នុងផ្ទះសំណាញ់ និងអាចធានាបានលើការប្រមូលផលវិលជុំពេញក្នុងមួយឆ្នាំផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺពិតជាឆ្លើយតបទៅនឹងអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីរួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជួបនីយកម្មកសិកម្មនៅកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមលើកទឹកចិត្តនិងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជន ទាំងអស់ដែលមានបំណងវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែ ដើម្បីជំរុញ ផលិតកម្មដំណាំបន្លែសុវត្ថិភាពឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក នាំដល់ការបន្ថយ ការនាំចូលបន្លែពីប្រទេសក្រៅ៕