(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ ប្រទេសកម្ពុជាក៏នៅ តែរងឥទ្ធិពល និងការជ្រៀតជ្រែក ពីមហាអំណាចអស់ពីរឿងមួយចូលរឿងមួយ។

កាលថ្លែងរបស់សម្ដេចពិជ័យសេនា បានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣ ទិវានយោបាយឈ្នះឈ្នះ និងខួប៣ឆ្នាំ ថ្ងៃសម្ពោធវិមានឈ្នះឈ្នះ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដូចនេះថា «ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនេះ ការប្រឈមមារជ្រែកនៅតែមាន ជាក់ស្ដែងនាពេលថ្មីៗនេះយើងបានឃើញ ទាំងអស់គ្នាហើយជាមួយការប្រែប្រួល ភូមិសាស្ត្រនយោបាយរបស់មហាអំណាច ដែលជាកង្វល់ដ៏ធំរបស់យើង គឺឥទ្ធិពលនិងការជ្រៀតជ្រែកមកដល់កម្ពុជា ដែលធ្លាប់ជា ប្រទេសរងគ្រោះ មិនចេះចប់ពីសំណាក់ខាងក្រៅ អស់ពីរឿងមួយចូលមករឿងមួយជាហូរហែ»

សម្តេចបានបញ្ជាក់ដែរថា «តាមការប៉ាន់ស្មាន និងការព្យាករណ៍ (បញ្ហាទាំងអស់នេះ នឹងមិនត្រូវ បានបញ្ចប់ទេ នឹងនៅតែបន្តក្នុងសាច់រឿងប្លែកៗទៀត) ព្រោះបន្តលើកពី បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ រហូតមកដាក់ទណ្ឌកម្មយោធាទណ្ឌកម្មអាវុធ ក៏ដូចជាបញ្ហាផ្សេងៗដែលកើតមានឡើងជាបន្តបន្ទាប់ ដែលនឹងមានការរៀបចំ ជាហូរហែ ពីមារសត្រូវដែលជាឧបសគ្គសម្រាប់កម្ពុជា»។

ការលើកឡើងរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលនយោបាយ។ សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និងសន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគី ដោយរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ទណ្ឌកម្មរបស់អាមេរិកនេះនឹងមិនមានប្រសិទ្ធភាពសម្រាប់កម្ពុជានោះឡើយ ហើយអាវុធរបស់អាមេរិកដែលមាននៅកម្ពុជា ភាគច្រើនជាអាវុធចាស់ៗដែលនៅសេសសល់ពីសង្គ្រាម លន់ នល់តែប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការពិនិត្យអាវុធអាមេរិកនៅកម្ពុជា ដើម្បីរក្សាទុក និងដុតកម្ទេចចោល៕