(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកស្រី គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

នាយឧត្តមសេនីយ៍ វង្ស ពិសេសន មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ត្រូវជាឪពុករបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១៖៤៥ រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកសូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង គឺជាការបាត់បង់នូវលោកឪពុក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃ ចំពោះកូនចៅជាទីស្រឡាញ់របស់លោក កន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភ តែងតែរួមចំណែកលើកកម្ពស់ ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។

លោកសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕