(ភ្នំពេញ)៖ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏ការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសនៅឆ្នាំ២០២១នេះ មានចំនួន ៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៥,៣៣៣,៧៩៨,៥២៥ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

ទោះជាយ៉ាងនេះក្តី ទុនវិនិយោគលើវិស័យសំណង់ទូទាំងប្រទេសនៅឆ្នាំ២០២១ បានថយចុះប្រមាណ ៣១,២១% បើធៀបនឹងឆ្នាំ២០២០ កន្លងទៅ។

នៅក្នុងរបាយការណ៍ក្រសួងរៀបចំដែនដី បានគូសបញ្ជាក់ជារួមដូចខាងក្រោម៖

* សម្រាប់សមត្ថកិច្ចក្រសួងរៀបចំដែនដី គឺមានចំនួន៣៨៨គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន១០,៤២០,២៩៣ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤,២១៨,៩១០,១២៧ដុល្លារ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៣៦,៥៧%

* ដោយឡែកសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត គឺមានចំនួន៣ ៩១៥គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២,៥៧៧,៧៨០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១១៤,៨៨៨,៣៩៨ដុល្លារ បើធៀបនឹងឆ្នាំ២០២០ កើនឡើង១,១៧%។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦,៦២៣,៨៩១ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៦៦, ២០៥,៨៤១,៩៣៦ ដុល្លារផងដែរ។

សូ មជម្រាបថា គិតពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២១នេះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកើនឡើងរហូតជាង ២៣៧៥ អគារ ដែលក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុ មានចំនួនជាង ៦៦៦អគារ៕