(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មានរយៈពេល៣ឆ្នាំមកនេះ មានប្រតិភូជាតិ និងអន្តរជាតិ បានមកទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ប្រមាណជិត៤លាននាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

ការបញ្ជាក់នេះ ក្នុងឱកាសដែលក្រសួងការពារជាតិ រៀបចំពិធីឱ្យអធិកអធមនៅក្នុងបរិវេណវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដើម្បីអបអរសាទរខួប២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា គ្រាមុនមានករណីរាតត្បាតជំងឺកូវីដ១៩ ពោលនៅឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនៃការដាក់ឱ្យដំណើរការវិមានឈ្នះឈ្នះ មានប្រតិភូជាតិ-អន្តរជាតិ និងសាធារណជនចំនួន ២លាន ៥សែននាក់ បានមកធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតចាប់ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ននេះ ដែលមានរយៈពេល៣ឆ្នាំ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះឈ្នះ ក្រុមការងារបានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រតិភូជាតិ និងអន្តរជាតិមកទស្សនកិច្ចនៅវិមានឈ្នះឈ្នះ មកពីគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវ យុវជន ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ-អន្តរជាតិ ទាំងថ្នាក់រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី សរុបចំនួន៣៦០លើក មានចំនួនមនុស្សប្រមាណជិត៤លាននាក់»។

សូមជម្រាបថា វិមានឈ្នះឈ្នះ បានបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះឈ្នះ។ ព្រមទាំងបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

វិមានឈ្នះឈ្នះ ត្រូវបានសាងសង់ នៅលើផ្ទៃដីទំហំ ៨ហិកតា ស្ថិតនៅទីតាំងចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សំណង់ប្រវត្តិសាស្ត្រនេះ ត្រូវបានសាងសង់ឡើង ដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការសាង់សង់តួវិមានឈ្នះឈ្នះមានផ្ទៃអគារទំហំ ១១៧ម៉ែត្រ គុណនឹង ១១៧ម៉ែត្រ និងមានកម្ពស់ ៥៤ម៉ែត្រ។

ចក្ខុវិស័យនៃការកសាងវិមានឈ្នះឈ្នះ ផ្តើមចេញពីលទ្ធផលដ៏អស្ចារ្យនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ការយល់ពីបច្ច័យ និងផលនានា គួបផ្សំជាមួយសមិទ្ធផលនៃការស្រាវជ្រាវនិងចងក្រងសៀវភៅពាក់ព័ន្ធទៅនឹងគោលនយោបាយឈ្នះ ឈ្នះ ដែលបានផ្តល់ជាគោលគំនិតយ៉ាងសំខាន់ ក្នុងការសាងសង់វិមានឈ្នះឈ្នះឡើង ដើម្បីសម្រេចបាននូវសំណង់ស្ថាបត្យកម្មមួយដែលមានលក្ខណៈជាសម្បត្តិសាធារណៈជាអត្តសញ្ញាណនៃវប្បធម៌ រួមចំណែកនិងចែករំលែកភាពកត្តញ្ញូ ព្រមទាំងជានិមិត្តរូបនៃសន្តិភាព។

ការសាងសង់ដ៏សំខាន់ចំពោះការឧទ្ទិស និងការបង្ហាញពីការបង្កើតគោលនយោបាយចំនួនបី: "៣-៥-៧" នៅក្នុងប្លុកតែមួយនៃកម្រិតបី

៏*លេខ៣ គឺជ្រុងទាំង៣ កំពូលផ្នែកខាងលើវិមានឈ្នះឈ្នះនេះ តំណាងឱ្យការធានា៣ យ៉ាង៖ទី១ ការធានារូបកាយ និងអាយុជីវិត, ទី២ ការធានាអាជីព និងមុខរបរ និងទី៣ ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។

*លេខ៥ គឺជ្រុងទាំង៥ ផ្នែកកណ្តាលនៃតួវិមាន តំណាងឱ្យ៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីត ( DIFID) រួមមាន៖ បំបែក. ឯកោ. បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ។
*លេខ ៧ គឺជ្រុងទាំង៧ នៃតួវិមាន តំណាងឱ្យកត្តាទាំង ៧ ដែលនាំឱ្យគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់។

វិមានឈ្នះឈ្នះ ត្រូវបែងចែកជា៣ តំបន់ទី១៖ តំបន់ទំនើបកម្ម និងសមិទ្ធិផលក្រោយបញ្ចប់សង្រ្គាម, ទី២៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្រ្តខ្មែរ និងទី៣៖ តំបន់វិមានឈ្នះឈ្នះ៕