(ភ្នំពេញ)៖ ដោយសំឡឹងឃើញថា វិស័យទេសចរណ៍ជាសក្តានុពលដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និង ជំរុញកំណើន ជីវភាពប្រជាពលរដ្ឋ លោក ត្រាំ លីរតនៈ អ្នកថតរូបអាជីពមួយរូបនៅកម្ពុជា បានចំណាយពេលវេលាជាង ២ឆ្នាំ ដើរផ្តិតយករូបភាពពី លើអាកាសតាមតំបន់ទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត ដោយប្រើកាមេរ៉ា Drone ក្នុងបំណងយកទេសភាពទាំងអស់នោះ ទៅបង្ហាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងជាការបំផុសស្មារតីឲ្យកូនខ្មែរស្រឡាញ់បរិស្ថាន សម្បត្តិធនធានធម្មជាតិ ព្រៃ ឈើ និង សម្បត្តិវប្បធម៌មានប្រសាទរបស់ខ្មែរជាដើម។

លោក ត្រាំ លីរតនៈ បានថ្លែងប្រាប់ Fresh News ថា កម្រងវីដេអូបង្ហាញពីទិដ្ឋភាព និងតំបន់ទេសចរណ៍របស់ខ្មែរទាំង ២៥រាជធានី- ខេត្ត ត្រូវបានលោកពុះពារផលលំបាក និងពេលវេលាយ៉ាងច្រើន ដើម្បីផ្តិត និងរៀបចំចេញមក។ បើតាមលោក លីរតនៈ ដើម្បី សម្រេចនូវសមិទ្ធផលនាំយកផ្ទាំងទេសភាពស្រុកខ្មែរ ដ៏ស្រស់ត្រកាលនេះ លោកត្រូវចំណាយកម្លាំងមនុស្សរហូតដល់ទៅ ៥០នាក់  ព្រមទាំងមានការជួយសម្របសម្រួលពីមន្រ្តីអាជ្ញាធរនៅតាមបណ្តាខេត្តនីមួយៗផងដែរ។

កម្រងរូបភាពវីដេអូនេះ បានបង្ហាញនូវសម្រស់ទេសភាព ដ៏ល្អស្រស់ក្នុងផ្ទៃស្រុកខ្មែរ គួរជាទីគយគន់ និងគួរឲ្យចង់ទស្សនាចរណ៍។ វី ដេអូបង្ហាញទេសភាពស្រុកខ្មែរ ដែលលោក លីរតនៈ បានបង្ហោះលើទំព័រ Facebook (https://www.facebook.com/1g1.co) មាន អ្នកចុចមើលជាង ៥០ម៉ឺននាក់ ចែករំលែកបន្តជាង ១ម៉ឺននាក់ និងអ្នកចុច Like ជិត ២ម៉ឺននាក់។

លោក ត្រាំ លីរតនៈ បានបង្ហាញវត្ថុបំណង ដែលនាំឲ្យរូបលោកចងក្រងវីដេអូនេះឡើង គឺចង់បង្ហាញដល់ខ្សែចក្ខុរបស់ពលរដ្ឋខ្មែរ ក៏ ដូចជាភ្ញៀវទេសចរថា ស្រុកខ្មែរមានតំបន់ទេសចរណ៍ស្រស់ស្អាត និងទាក់ទាញជាច្រើនកន្លែង មិនមែនមានតែនៅតំបន់សៀមរាប អង្គរ ឬ តំបន់ឆ្នេរនោះទេ។ តាមរយៈវីដេអូ កើតចេញពីការពុះពារ និង អំណត់ជាមួយឧបសគ្គ និងផលលំបាកជាច្រើននេះ លោក លី រតនៈ រំពឹងថា នឹងបង្កើននូវសក្តានុពលទេសចរណ៍របស់ខ្មែរស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាល។

លោក លីរតនៈ ក៏បានលាតត្រដាងពីប្រវត្តិ នៃការសិក្សារៀនសូត្រលើជំនាញថតរូបប្រាប់ Fresh News ផងដែរ។ លីរតនៈ បានឲ្យ  បានដឹងថា លោកបានស្រឡាញ់ និងចូលចិត្តការថតរូបតាំងពីអាយុ ៩ឆ្នាំ ហើយលោកបានសន្សំលុយមួយថ្ងៃ ១០០រៀល ២០០ រៀល ទៅ ៥០០រៀល រហូតទិញបានកាំមេរ៉ាហ្វីលមួយសម្រាប់ថតរូប។ លុះរៀនចំថ្នាក់ចំណេះដឹងទូទៅ លោកក៏បានចូលរៀននៅដេ ប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយទទួលបានការបណ្តុះបណ្តាលពីសិល្បៈ នៃ ការមើលប្លង់ និងថតរូប ពីគ្រូខ្មែរ និងបរទេសជាច្រើនរូប។

ដើម្បីសិក្សា និងស្វែងយល់បន្ថែមពីការថតរូបលោក លីរតនៈ បានធ្វើដំណើរផ្សងព្រេង ទៅជាង ៣០ប្រទេសជុំវិញពិភពលោក ដូចជា អាស៊ី អឺរ៉ុប តួកគី ចិន ជប៉ុន កូរ៉េ អូស្ត្រាលី អាហ្វ្រិក អាម៉េរិក និងប៉ូលខាងជើងជាដើម។ លោក ក៏ធ្លាប់បានចូលរួមក្នុងក្លឹប និង សមា  គមអ្នកថតរូបនៅសាកលវិទ្យាម៉ែលប៊ន ប្រទេសអូស្ត្រាលី និង ចូលរួមសមាគមអ្នកកែសម្រួលរូបថត នៅអាមេរិក និងចូលរួមជាមួយ សមាគមអ្នកថតរូបនៅប្រទេសចិនផងដែរ។

លោក លីរតនៈ បានរៀនប្រើប្រាស់កាមេរ៉ាថតរូបពីលើអាកាស (Drone) នៅឆ្នាំ២០១៣ ក្នុងរដ្ឋឡាវេហ្គាស សហរដ្ឋមេរិក។

អ្នកថតរូបអាជីពនៅកម្ពុជារូបនេះ យល់ថា ការថតរូប និងនាំយករូបភាពស្អាតៗនេះ នឹងជួយលើកស្ទួយវិស័យទេសចរណ៍ ជំរុញយុវ ជនខ្មែរហ៊ានដើរផ្សងព្រេង ដែលការដើរផ្សងព្រេង អាចឲ្យយុវជនរៀនសូត្របានច្រើន និងយល់ច្បាស់ពីខ្លួនឯងថា ចង់ធ្វើអ្វី ហើយ ជួយពួកគេឲ្យជ្រើសរើសវិថីជីវិតបានត្រឹមត្រូវ និងក្លាយជាកោសិកាសង្គមមួយដ៏ល្អ។ តាមរយៈរូបភាព ក៏ជួយបំផុសផ្នត់គំនិតពលរដ្ឋ ខ្មែរបង្កើនការយល់ដឹងពីបរិស្ថាន និងលើកទឹកចិត្តឲ្យស្រឡាញ់បរិស្ថាន និង ស្រឡាញ់សម្បត្តិវប្បធម៌របស់ជាតិ។

លោក ត្រាំ លីរតនៈ បានឲ្យដឹងផងដែរថា ស្នាដៃរបស់លោកជាច្រើនត្រូវបានយកទៅតាំងបង្ហាញក្នុងកម្មវិធីផ្សេងៗ ហើយលោក ក៏ ធ្លាប់បានចងក្រងរូបភាពស្តីពីកិច្ចប្រជុំអាស៊ាន និងទទួលបានការកោតសរសើរជាលាយលក្ខអក្សរពីនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផងដែរ៕