(កំពង់ស្ពឺ)៖ លោក អោ វណ្ណថេន ទីប្រឹក្សាក្រសួងសុខាភិបាល អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺនាំអំណោយចែកជូនគ្រួសារពលរដ្ឋងាយរងគ្រោះចំនួន៤១គ្រួសារ ស្ថិតនៅឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នា ឱកាសនោះ លោក អោ វណ្ណថេន បានលើកឡើងថា ព្រោះតែវិបត្តិកូវីដ-១៩អូសបន្លាយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវជួបនូវការលំបាក ខ្វះខាត ទីទ័លក្រ ព្រោះតែមិនអាចចេញទៅប្រកបរបររកស៊ីទទួលទានបាន។ វិបត្តិនេះបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលនិងកាកបាទក្រហមកម្ពុជា។

ទន្ទឹមនឹងមានបន្ទុកដ៏ធ្ងន់នេះរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តបានបើកប្រតិបត្តិការចុះជួប និងជួយដោះស្រាយនូវរាល់បញ្ហាកង្វល់ទាំងនេះជាបន្តបន្ទាប់។ ជាក់ស្តែង នៅថ្ងៃនេះ សាខាកាកបាទក្រហមខេត្តបាននាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនមកប្រគល់ជូនដល់គ្រួសារងាយរងគ្រោះចំនួន៤១គ្រួសារ ដើម្បីបន្តការរស់រាន និងហូបចុកបានមួយរយៈបន្តទៀត។

លោក អោ វណ្ណថេន បានបញ្ជាក់បន្ថែមថា អំណោយដែលចែកជូនថ្វីដ្បិតតែវាតិចតួច តែប្រជាជពលរដ្ឋអាចសម្រាលនូវការខ្វះខាតក្នុងការហូបចុកបានមួយរយៈពេលដែរ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចេញទៅប្រកបរបររកស៊ីទទួលទាននៅខាងក្រៅ។

មួយវិញទៀត ដើម្បីបំពេញបន្ថែមនូវតម្រូវការហូបចុកឱ្យបានគ្រប់គ្រាន់ សូមប្រជាពលរដ្ឋដាំដុះបន្លែបង្កាគ្រប់ប្រភេទ និងចិញ្ចឹមសត្វពាហនៈដែលអាចលក់ចេញទៅលើទីផ្សារបាន។

លោកបានបន្តណែនាំឱ្យប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចខ្លួនពីជំងឺលាក់មុខដែលកំពុងរងចាំយាយីនោះទេ ត្រូវតែបន្តអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុត៕