(កំពង់ធំ)៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបង្កើនការផលិត ដើម្បីទាក់ទាញអារម្មណ៍អ្នកស្ដាប់ អ្នកទស្សនា។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះ គឺក្នុងពេលដែលលលោករដ្ឋមន្ត្រី និងក្រុមការងារបានចុះសួរសុខទុក្ខមន្ត្រីរាជការ និងពិនិត្យឧបករណ៍ការផ្សាយនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា «គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវបង្កើនការផលិត ដើម្បីទាក់ទាញអារម្មណ៍អ្នកស្ដាប់ អ្នកទស្សនា ដោយធ្វើយ៉ាងណាឱ្យគេយល់ពីអារម្មណ៍របស់យើង»។

លោករដ្ឋមន្ត្រីបានបន្តថា ប្រធានអង្គភាពត្រូវគិតគូអំពីការផ្សាយដោយផ្តោតសំខាន់ទៅលើការអប់រំ កម្សាន្ត និងការផ្ដល់ព័ត៌មានប្លែកក្នុងការទាមទារឲ្យចេះច្នៃប្រឌិត ហើយការផ្សាយត្រូវគឺជាការប្រកួតប្រជែងឈ្លាសវៃ មានការពិចារណាច្រើនដោយមិនបាត់បង់គុណភាពទៀតផង។

លោក ខៀវ កាញ្ញារីទ្ធ បានថ្លែងបន្តថា កុំតក់ស្លុតពាក្យថា «ទំនើប» ប៉ុន្តែត្រូវរៀនផ្លាស់ប្តូររបបធ្វើការងារ និងរបបរកស៊ីរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានជំរុញដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឲ្យបានរហ័សដោយកម្មវិធីប្លែកៗ ហើយមានការចាប់អារម្មណ៍ និងធ្វើការចែករំលែក ការលើកទឹកចិត្តដល់អ្នកដែលបានខិតខំបំពេញការងារ។

លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះមន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបទៅដោយមនសិកា វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ ដោយឈរលើគោលការណ៍សហការសាមគ្គីភាពគ្នាល្អ ដើម្បីធ្វើឲ្យអង្គភាពមានការរីកចម្រើន។

ជាមួយគ្នានេះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្កំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាព ដោយក្នុងនោះការកង្វះនូវធនធានមនុស្សទាំងការងារផលិត កង្វះនូវឧបករណ៍បច្ចេកទេស និងមធ្យោបាយជាដើម។

ចំពោះបញ្ហាប្រឈមរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ទាក់ទងទៅនឹងបញ្ហាកង្វះបច្ចេកទេស និងការផលិតព័ត៌មាន លោកសន្យាថានឹងបញ្ជូនមន្ត្រីថ្នាក់ជាតិឲ្យមកជួយបណ្តុះបណ្តាលក្នុងការរកច្រកចេញឲ្យមានភាពប្រសើរឡើង៕