(ភ្នំពេញ)៖ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលតួកគីមានបំណងសុំកម្ពុជាជួយខ្លួន ឲ្យចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ាន ស្របពេលដែលចក្រភពអង់គ្លេស ទើបតែក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ានកាលពីពេលថ្មីៗនេះ។

បំណងនេះបានបង្ហាញឡើងតាមរយៈតំណាងស្ថានទូតរបស់តួកគីប្រចាំនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ឆ្លើយតបនឹងសំណួរពីតំណាងស្ថានទូតតួកគី គឺឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានបង្ហាញសង្ឃឹមថា រឿងដែលតួគីចង់បាននោះ នឹងអាចទៅរួចនៅថ្ងៃក្រោយ «តែត្រូវរង់ចាំការឯកភាពជាគោលការណ៍កុងសង់ស៉ីស» ជាមុនសិន។

នៅចំពោះមុខក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងស្ថានទូតនានាប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាច្រើនរូបនោះ ប្រមុខការទូតបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា វាអាចនឹងទៅរួចនៅថ្ងៃក្រោយ»។

សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានរៀបចំពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនាទី១១ របស់អាស៊ាន ឲ្យទៅចក្រភពអង់គ្លេសជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ក្រោយក្លាយជាដៃគូសន្ទនាអាស៊ាន ចក្រភពអង់គ្លេស បានប្តេជ្ញាជួយអាស៊ានប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗទៀត៕