(ត្បូងឃ្មុំ)៖ ការប្រកួតកីឡាមហាជនដណ្តើម «ពានរង្វាន់ ឯកឧត្តម វង សូត និងលោកជំទាវ» ត្រូវបានរៀបចំពិធីបិទនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកលើការងារយុវជនស្រុកពញាក្រែក ស្របពេលដែលកម្ពុជា អបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៤៣ នៃនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រី លី ស៊ីថុល អភិបាលរងស្រុកពញាក្រែក និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត បានបញ្ជាក់ថា ការប្រកួតកីឡាមហាជននេះរៀបចំឡើងដើម្បីជ្រើសរើសជើងឯកថ្នាក់ស្រុកដើម្បីត្រៀមយកទៅប្រកួតកីឡាមហាជនថ្នាក់ខេត្ត ដោយស្រុកមានកីឡាករចូលរួមប្រកួតចំនួន ១១ក្រុម។ លោកស្រីថា ការប្រកួតនេះ បានទទួលការឧបត្ថម្ភទាំងស្រុងពី លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពញាក្រែក និងលោកស្រី។

ថ្លែងក្នុងឱកាសបិទកម្មវិធីប្រកួតកីឡាមហាជននេះ លោក ឡេង តុង បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញរហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យកីឡារបស់យើងមានការរីកចម្រើន និងអភិវឌ្ឍនៅគ្រប់មូលដ្ឋាន។ ការដែលអាចដំណើរការកីឡាបាននៅទីនេះ ក៏ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។

ក្នុងនាមជាប្រធានក្រុមជនបង្គោលទទួលបន្ទុកលើការងារយុវជនស្រុកនេះ លោក ឡេង តុង បានថ្លែងអំណរគុណចំពោះ លោក វង សូត ដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងដល់ការប្រកួតនេះ ដែលកីឡានេះបាននាំមកនូវសាមគ្គីភាព និងភាពរឹងមាំផ្នែករូបរាងកាយ និងផ្លូវចិត្តរបស់យុវជន។

លោកបានកោតសរសើរដល់ក្រុមកីឡាករទាំងអស់ ដែលបានខិតខំប្រកួតយ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយចិត្តរហូតទទួលបានជ័យលាភីនាពេលនេះ ហើយលោកក៏បានប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករដែលទទួលបានជ័យលាភីលេខ១ និងបានឧបត្ថម្ភថវិកាដល់ក្រុមកីឡាករទទួលបានជ័យលាភីលេខ១ ជ័យលាភីលេខ២ គណៈកម្មាធិការរៀបចំការប្រគួត ពេទ្យ និងប៉ូលីសសរុបចំនួន ១ ២០០ ០០០រៀលផងដែរ។

ក្រុមកីឡាករ និងយុវជននៅស្រុកពញ្ញាក្រែក បានយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ និងផ្តល់ឱកាសដល់ពួកគេ ចូលរួមក្នុងវិស័យកីឡា។ ទន្ទឹមនឹងនេះ ឆ្លៀតក្នុងឱកាសនោះ ក្រុមកីឡាករ និងយុវជន ក៏បានបង្ហាញជំហរគាំទ្រទាំងស្រុងចំពោះការជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគតផងដែរ៕