(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលបានចោទប្រកាន់សញ្ញាបត្ររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជាថា សញ្ញាបត្រដែលលោកទទួលបានជាសញ្ញាបត្រប្រភេទទី២ ឬសញ្ញាបត្រយោគយល់ ត្រូវបានលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានលើកឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះថា លោក សម រង្ស៉ី មិនយល់ពីការពិតនៃការអប់រំនៅសហរដ្ឋអាមេរិក អ្វីដែលលោក សម រង្ស៉ី និយាយគឺខុសការពិត។

តាមរយៈបណ្តាញសង្គម លោក អ៊ូ វីរៈ បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលលោក សម រង្ស៊ី និយាយខុសពីការពិតនៃការអប់រំនៅអាមេរិក។ សង្ឃឹមថាទាំងអស់គ្នានឹងឈប់នយោបាយឈ្លោះខាតជាតិ»។ ក្រៅពីសរសេរនៅលើ Facebook លោក អ៊ូ វីរៈ បាន Comment បន្ថែមថា «អាហារូបករណ៍ និងការទទួលសិស្សអាចមានការយោគយល់ ពេលខ្លះដោយសារទំនាក់ទំនង ពេលខ្លះដោយសារចង់បានភាពចម្រុះនៃសិស្ស។ តែសញ្ញាប័ត្រមិនមានស្ដង់ដារខុសគ្នាដែលប្រើខុសគ្នាទេ»។

ការលើកឡើងរបស់លោក អ៊ូ វីរៈ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសមួយនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ផ្ញើជូនលោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ពាក់ព័ន្ធការសិក្សារបស់លោកនៅសាលាបណ្ឌិតសភាយោធាអាមេរិក ព្រមទាំងបបួលលោក សម រង្ស៉ី ភ្នាល់ផងដែរ។

សូមជំរាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកបានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស៕