(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នឹងបន្ដបណ្ដុះបណ្ដាលបំប៉នជំនាញដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប។

ថ្លែងក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣២ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបែបនេះថា «ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន ឬគ្រឹះស្ថាន មានការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាព សមត្ថភាពភ្នាក់ងាររបស់ខ្លួន ដើម្បីលើកកម្ពស់ និងចូលរួមដល់កិច្ចការសង្គម។ ជាទិសដៅក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងបន្ដជំរុញវគ្គបណ្ដុះបណ្ដាលនេះឲ្យបានគ្រប់ទៅតាមលទ្ធភាពដែលអាចធ្វើបាន ប៉ុន្ដែឈរលើអាទិភាព»។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានផ្ដាំផ្ញើនូវការណែនាំមួយចំនួនផងដែរ ដល់ភ្នាក់ងារសន្ដិសុខឯកជនដែលទទួលបាននូវការបណ្ដុះបណ្ដាលនេះ ពោលត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រនេះ ទៅបម្រើក្រុមហ៊ុន ក៏ដូចជាគ្រឹះស្ថានដែលខ្លួនកំពុងបំពេញការងារឲ្យបានល្អ ហើយត្រូវផ្លាស់ប្ដូរនូវរបៀបរបបបំពេញការងារ មុន និងក្រោយទទួលបានការបណ្ដុះបណ្ដាលនេះ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏បានថ្លែងអំណរគុណដល់អគ្គនាយក អគ្គនាយិកា ថ្នាក់ដឹកនាំក្រុមហ៊ុន ឬគ្រឹះស្ថានទាំងឡាយ ដែលបានបញ្ជូនភ្នាក់ងារសន្ដិសុខរបស់ខ្លួនមកទទួលនូវវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ខណៈវិស័យសន្តិសុខឯកជនមានសារៈសំខាន់ដែលមិនអាចកាត់ផ្តាច់បាន សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ៣២លើក ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានសិក្ខាកាមចំនួន១១៧នាក់ ស្រី០៣នាក់៖ ក្នុងនោះមកពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៧ក្រុមហ៊ុន ភ្នាក់ងារសន្តិសុខឯកជន ចំនួន៣៦នាក់ និងមកពីសហគ្រាស គ្រឹះស្ថាន ចំនួន១៤គ្រឹះស្ថាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន៨១នាក់។

លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន ៣២លើក មាននាយ-នាយ
រងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន១១៣នាក់ (ស្រី០៥នាក់) និងសិក្ខាកាមភ្នាក់ងារសន្តិសុខឯកជន ចំនួន៥,៧៣៧នាក់ (ស្រី១៤២នាក់)។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

វគ្គបំប៉ននេះមានគ្រូឧទ្ទេសនាម ចំនួន០៩រូប មកពីនាយកដ្ឋាន ចំនួន០៤ រួមមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន, នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ និងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លើសពីនេះទៅទៀត មេរៀនដែលបានជ្រើសរើសយកមកធ្វើបទបង្ហាញក្នុងរយៈពេល២ថ្ងៃនេះ ផ្តោតសំខាន់ទៅលើការងារមួយចំនួន ដូចជា អំពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខឯកជន, អំពីវិធីសាស្រ្តការពារគោលដៅ, អំពីវិធានការបង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញអគ្គិភ័យ, អំពីកិច្ចសហការណ៍រវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, អំពីការស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្តាករណីល្មើសច្បាប់ផ្សេងៗ, អំពីការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ និងអំពីការស្វែងយល់ពីឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក៕