(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថាក្រុម១៨ បានអញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាជិក សមាជិកាចំនួន ១៦៨នាក់ ដែលបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនសហជីព និង កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន និងជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម នាពេលកន្លងមក រៀបចំដោយសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដើមឆ្នាំ២០១៥។

បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកា សរុបចំនួន ១៧០៨នាក់ និងមានសាខាចំនួន ៨នៅរាជធានីភ្នំពេញ ដែលមានគោលបំណងសំខាន់ៗរួមមាន៖

១៖ រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
២៖ ផ្ដល់ការគាំទ្រ និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត
៣៖ ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាម សិស្ស និស្សិតផ្នែក TVET
៤៖ បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ
៥៖​ ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អៗ របស់ខ្មែរ
៦៖ សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET
៧៖ ស្វែងរកមូលនិធិជួយដល់សិស្ស និស្សិតក្រីក្រ និងផ្តល់រង្វាន់ លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ។

តាមរយៈរបាយការណ៍លោក ថង សាម៉ុន អនុប្រធានសមាគម បានបញ្ជាក់ថាក្នុងឆ្នាំ២០២១ នេះ លោក ហេង សួរ ដែលជាប្រធានសមាគមបានដឹកនាំសមាជិកដោយផ្ទាល់ចូលរួម បេសកកម្ម ៣៣ម៉ោង របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងបានបន្តដឹកនាំសមាជិកចំនួន ៥២២នាក់ ស្រី ១០៥នាក់ ចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំង ជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងសកម្មភាពមនុស្សធម៌ កិច្ចការសង្គមសំខាន់ៗជាច្រើនទៀត។

នៅក្នុងពិធីសំណេះសំណាលនោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់គ្រឹះស្ថាន TVET ទាំង៨, សាខាសមាគមទាំង៨ និងសមាជិកាទាំងអស់ដែលបានចូលរួមសកម្មភាពនានារបស់សមាគម ជាពិសេសចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន។

លោក ហេង សួរ បានលើកឡើងថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀតនៅគ្រឹះស្ថាន TVET តាមបណ្តាខេត្ត, រៀបចំចងក្រងអតីតសមាជិកដែលកំពុងធ្វើការ និងប្រកបមុខរបរដោយខ្លួនឯង, រៀបចំកម្មវិធីលើកទឹកចិត្តដល់សមាជិកក្នុងការសិក្សាស្រាវជ្រាវ, ទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីផ្តល់ឱកាសដល់សមាជិកទទួលបានការចុះកម្មសិក្សា និងឱកាសការងារ, បន្តចូលរួមការងារសង្គម និងការងារមនុស្សធម៌នានា៕