(យូអិន)៖ មេដឹកនាំមកពីបណ្តាប្រទេសចំនួន១៧១ នៅលើសកលលោក បានប្រមូលផ្តុំគ្នានៅឯ ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជានិមិត្តរូបនៃទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើនេះ គឺជាការសម្រេចទៅតាមស្មារតី ដែលមានចែងក្នុងសេចក្តីព្រាងរួមគ្នាមួយ កាលពីកិច្ចប្រជុំរបស់អន្តរជាតិក្នុងទីក្រុងប៉ារីស នៅខែធ្នូ ឆ្នាំ២០១៥ ដើម្បីដោះស្រាយជាជំហានដំបូង និងប្រកបដោយប្រសិទ្ធភាព ក្នុងន័យកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការប្រែប្រួល អាកាសធាតុដែលកាន់តែអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើងស្របពេលដែល បណ្តាប្រទេសកាន់តែច្រើនឡើងនៅលើ សកលលោក កំពុងតែជួបប្រទះបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកម្តៅខ្ពស់ខុសពី ធម្មតាដែលជាបង្កឲ្យមានគ្រោះរាំងស្ងួត និងមនុស្សបាត់បង់ជីវិតរ៉ាប់ម៉ឺននាក់ នៅទូទាំងពិភពលោក៕