(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការ រាតត្បាតជំងឺកូវីដ១៩ ពីអង្គការកុមារកំព្រានៃសេចក្តីសន្យា ដំណឹងល្អទាំងបួន។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ដោយមានវត្ដមានរបស់លោកស្រី ស៊ូ មន្ថា ប្រធានអង្គការផ្ទាល់ចូលរួមផងដែរ។ សម្រាប់សម្ភារៈជាទឹកថ្នាំបាញ់សម្លាប់ មេរោគ រួមទាំងមេរោគកូវីដ១៩ ចំនួន ៥០០ កេស។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់អង្គការ កុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ និងលើកទឹកចិត្តមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់អង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន ដែលនេះគឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា៕