(ព្រះវិហារ)៖ លោក មាស ធីបញ្ញា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារតំណាងទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បាននាំយក មី ត្រីខ ក្រម៉ា សារ៉ុង និងថវិកាមួយចំនួន ប្រគល់ជូនគ្រួសារក្រីក្រ៥៨គ្រួសារ និងកងកម្លាំង៦៨នាក់ ដែលឈរជើងនៅបន្ទាត់ព្រំដែន ខេត្តព្រះវិហារ។

ការនាំយកអំណោយ និងថវិកា ប្រគល់ជូនគ្រួសារក្រីក្រ និងគ្រួសារកងទ័ព ដែលឈរជើងនៅបន្ទាត់ព្រំដែន ខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក៏មានការចូលរួម ពីអ្នកនាង គឹម វិជ្ជនី ក្រុមហ៊ុន Queen yourself trading co.,Ltd ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ តំណាងទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការ ៣ការពារនិង ៣កុំ ឲ្យបានត្រឹមត្រូវ និងទៀងទាត់ ទោះបីជាជំងឺកូវីដនៅកម្ពុជា មានភាពធូរស្បើយយ៉ាងណាក្ដី។

តំណាងទេសរដ្ឋមន្ត្រី មាស សុភា ក៏បានអំពាវនាវឲ្យបន្ដថែរក្សាសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខបន្ថែមទៀត។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ តាមរយៈលោក មាស ធីបញ្ញា ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះផងដែរ៕