(កណ្ដាល)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ទេរអ្នកទោសជាអនីតិជន ចំនួន១,៤២២នាក់ ចេញពីពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត ទៅកាន់ទីតាំងដែលទើបសាងសង់រួច នៅឯមណ្ឌលយុវនីតិសម្បទា ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ នេះបើតាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ដោយសម្តេចបានគូសបញ្ជាក់ថា ជាការសាកល្បងអ្នកទោសជាអនីតិជន ចំនួន៥០នាក់ នៅពន្ធនាគារខេត្តកណ្ដាល ក្នុងចំណោមអ្នកទោសជាអនីតិជននៅខេត្តកណ្ដាល សរុប១៦០នាក់ ត្រូវយកមកដាក់នៅទីតាំងថ្មីមួយនេះ ដើម្បីដកពិសោធន៍ក្នុងការគ្រប់គ្រង។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «មកដល់ពេលនេះ តាមរបាយការណ៍បានឲ្យដឹងថា ចំនួនអនីតិជនដែលត្រូវបានឃុំខ្លួន មានចំនួន១,៤២២នាក់។ នៅទីនេះ (មណ្ឌលយុវនីតិសម្បទា) ប្រហែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទទួលយកទាំងអស់នោះទេ ថ្ងៃនេះគឺយកមកសាកល្បងតែ៥០នាក់ប៉ុណ្ណោះ ក្នុងនោះមានគ្រឿងញៀន២៦នាក់, លួច២២នាក់, ប៉ុនប៉ង់សម្លាប់ម្នាក់ និងរួមភេទម្នាក់»

សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ដើម្បីផ្ទេរអ្នកទោសពីតាមបណ្ដារាជធានី-ខេត្ត មកកាន់ទីតាំងនេះបានត្រឹមត្រូវតាមផ្លូវច្បាប់ ត្រូវតែមានប្រកាសអន្ដរក្រសួងមួយរួមគ្នា ក្នុងនោះរួមមាន ក្រសួងសង្គមកិច្ច, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងក្រសួងមហាផ្ទៃ ដូច្នេះសម្ដេចបានណែនាំឲ្យ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសិក្សារៀបចំធ្វើនូវប្រកាសអន្ដរក្រសួងនេះ។

យ៉ាងណាមិញ ពាក់ព័ន្ធចំនួនអ្នកជាប់ឃុំជាអនីតិជននេះ ក៏ត្រូវបានសម្ដេចក្រឡាហោម ស ខេង លើកឡើងដែរថា ក្នុងចំណោមទាំង១,៤២២នាក់ មានជនត្រូវចោទចំនួន៤៥០នាក់, ជនជាប់ចោទ ចំនួន៣១០នាក់, ពិរុទ្ធជន ចំនួន៤២១នាក់ និងទណ្ឌិត ចំនួន២៤១នាក់។ ក្នុងនោះប្រភេទបទល្មើសគ្រឿងញៀន ចំនួន៤៥២នាក់, លួចមានស្ថានទម្ងន់ទោស ចំនួន១២៥នាក់, លួច ចំនួន១០៩នាក់, មនុស្សឃាត និងឃាតកម្ម ចំនួន៣៤នាក់, រំលោភ ចំនួន៣១នាក់ និងផ្សេងៗ ៦៧១នាក់។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរ ចំពោះអនីតិជនដែលបានប្រព្រឹត្តបទល្មើសនេះ។ សម្ដេចបានចាត់ទុកថា ប្រសិនទំពាំងរលួយពីឥលូវទៅហើយនោះ បានអ្វីមកស្នងឫស្សីកើត ដែលជាក្ដីកង្វល់សម្រាប់អនាគតរបស់ប្រទេសជាតិ ដូច្នេះហើយបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់លើគ្រប់វិស័យ ដែលកិច្ចការបណ្ដុះបណ្ដាលនូវធនធានមនុស្សនេះ ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត តាមរយៈការកសាងសាលារៀនជាដើម។

ពាក់ព័ន្ធអ្នកជាប់ឃុំជាអនីតិជននេះ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងបន្ថែមថា ផែនការរៀបចំផ្ទេរអ្នកទោសចេញពីពន្ធនាគាររាជធានី-ខេត្ត ទៅកាន់មណ្ឌលយុវនីតិសម្បទា នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះ គ្រោងនឹងធ្វើឡើងជាបន្ដបន្ទាប់ ចាប់ពីឆ្នាំ២០២២ ខាងមុខតទៅ ខណៈផែនការដំបូងនេះ គឺសាកល្បងត្រឹម៥០នាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ បានអះអាងទៀតថា ជនជាប់ឃុំជាអនីតិជន មានសរុបចំនួន១,៤២២នាក់ នៅគ្រប់ពន្ធនាគារទាំងអស់នៅទូទាំងប្រទេស។ ក្នុងនោះទីតាំងដែលមានច្រើន រួមមាន មណ្ឌលអប់រំកែប្រែទី២ (ម២) នៅរាជធានីភ្នំពេញ ច្រើនជាងគេ មានចំនួន២៦៨នាក់, ខេត្តកណ្ដាល មានចំនួន១៦០នាក់, ខេត្តសៀមរាប មានចំនួន១៩១នាក់, ខេត្តបន្ទាយមានជ័យ មានចំនួន១២៦នាក់ និង ខេត្តព្រះសីហនុ មានចំនួន១០៤នាក់។ ខណៈខេត្តមណ្ឌលគិរី តិចជាងគេ មានចំនួន២នាក់។

គួរជម្រាបថា បច្ចុប្បន្នចំនួនអ្នកជាប់ឃុំនៅពន្ធនាគារទូទាំងប្រទេស មានប្រមាណជិត៤ម៉ឺននាក់ ក្នុងនោះជាងពាក់កណ្ដាលពាក់ព័ន្ធបទល្មើសគ្រឿងញៀន៕