(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ជំហរថា ការថ្លែងសាររបស់លោកកន្លងមក គឺចង់មានន័យជំរុញឲ្យកងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាតគ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។

សារដ៏មោះមុតរបស់លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៧ និងសម្ពោធសមិទ្ធិផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នាពេលកន្លងទៅ។

បើទោះសាររបស់លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗអំពី កងទ័ពត្រូវមានភាពស្មោះត្រង់ការពារចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ត្រូវបានអ្នកវិភាគមួយចំនួនមានទំនោរប្រឆាំងរាជរដ្ឋាភិបាល តាមរយៈវិទ្យុអាស៉ីសេរី ដែលស៉ីឈ្នួលបម្រើនយោបាយឲ្យបរទេសបានផ្សាយញ៉ុះញង់ និងបំភ្លៃថា នោះជាសារដាស់តឿនកងទ័ព ឲ្យប្តូរផ្តាច់ការពារថ្នាក់ដឹកនាំប្រទេស ដើម្បីពង្រឹងអំណាចផ្តាច់ការទៅវិញ។

នេះអាចបញ្ជាក់យ៉ាងច្បាស់ជាចេតនារបស់ក្រុមអ្នកវិភាគមួយចំនួន ដែលគាំទ្រក្រុមប្រឆាំង និងវិទ្យុអាស៊ីសេរី មានបំណងចង់បំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពរបស់ប្រទេស និងប្រជាជន ដែលកំពុងរស់នៅក្នុងភាពសុខសាន្ត។

សាររបស់លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៧ និងសម្ពោធសមិទ្ធិផលនានាក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមនិយាយបន្តិចពីការងារកំណែទម្រង់។ កាលពីខែ១០ ឆ្នាំ២០១៩ ខ្ញុំប្រចាំនៅបញ្ជាការដ្ឋានកងអង្គរក្សនៅទួលបាសាន។ លើកទី១ ខ្ញុំនិយាយពីកំណែទម្រង់ ហើយកាលនោះ ខ្ញុំទើបចូលកាន់តំណែងថ្មី ក្នុងកងទ័ពជើងគោក។ ខ្ញុំថា កំណែទម្រង់ត្រូវតែធ្វើ ហើយធ្វើជាប់ជាប្រចាំ និងចាប់ផ្តើមពីពេលឥឡូវទៅ។ កំណែទម្រង់ផ្អែកលើស្មារតី ២សំខាន់ គឺទី១ មូលដ្ឋានស្មារតីនៃជាតិនិយម និងទី២ ស្មារតី ឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ។ និយាយពីជាតិនិយមនេះ កំណែទម្រង់កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ។ កំណែទម្រង់យ៉ាងម៉េចក៏ដោយ កុំឲ្យបាត់ចក្ខុវិស័យ និងទស្សនៈ នៃស្មារតីនេះ»

លោកបន្តថា «យើងអាចហ្វឹកហ្វឺន នៅក្រៅប្រទេស ឬហ្វឹកហ្វឺននៅឯណាក៏ដោយ ចង់យកវិធីសាស្ត្រណាក៏ដោយ ជាការផ្លាស់ប្តូរបទពិសោធន៍ ដាច់ខាតកុំឲ្យបាត់បង់នូវស្មារតីជាខ្មែរ ស្មោះត្រង់ចំពោះជាតិខ្មែរ ការពារដាច់ខាតនូវសន្តិភាព ដើម្បីប្រទេសជាតិយើងបានវិវត្តន៍ទៅមុខ។ នេះស្មារតីនៃការធ្វើកំណែទម្រង់។ ព្រោះកងទ័ពជាអាវុធមុខ២ អាវុធដែលការពារសន្តិភាព តែក៏ជាអាវុធបំផ្លាញសន្តិភាពដែរ ដូចក្នុងប្រវត្តិសាស្ត្រ ដែលខ្ញុំឧស្សាហ៍និយាយ។ បង្កើតសង្គ្រាមក៏ដោយសារកងទ័ព និងបញ្ចប់សង្គ្រាមក៏ដោយសារកងទ័ពដែរ»

សូមជំរាបថា ក្រៅពីការពារជាតិ និងប្រជាជន, ភារកិច្ចពិសេសដាច់ដោយឡែក របស់បញ្ជាការដ្ឋានអង្គរក្ស គឺការពារប្រមុខរាជរដ្ឋាភិបាល មិនខុសពីភារកិច្ចរបស់អង្គភាពការពារប្រធានាធិបតីអាមេរិក គឺការពារប្រធានាធិបតីអាមេរិកនោះទេ៕