(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងគណៈបញ្ជាការឯកភាពក្រុងស្រុក ដើម្បីពន្លឿនផែនការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ ខណ:មេរោគកូវីដ១៩ បម្លែងថ្មី «អូមីក្រុង» ត្រូវបានក្រសួងសុខាភិបាលរកឃើញជាបន្តបន្ទាប់ ប៉ុន្តែជាករណីនាំចូល។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានឲ្យដឹងថា ប្រជាពលរដ្ឋចាប់ពីអាយុ ៥ឆ្នាំឡើងទៅ ដែលបានទទួលការចាក់វ៉ាក់សាំងមានចំនួន ៩៤០,១៧៥នាក់ ក្នុងនោះ ត្រូវបានចាក់ដូសទី១ ដូសទី២ ចប់ហើយ និងបច្ចុប្បន្នកំពុងចាក់ដូសទី៣ បានចំនួនប្រមាណជា៣០%។

លោក គឹមសួរ ភីរុណ បានបញ្ជាក់ថា ដំណើរការចាក់ដូសទី ៣ ជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ដែលមូលហេតុនៃកាយឺតនេះ មន្ទីរសុខាភិបាលបានស្រាវជ្រាវរកឃើញមាន ៨ចំណុចរួមមាន៖

*ទី១៖ ប្រជាពលរដ្ឋមួយចំនួនមិនទាន់ដល់ពេលចាក់វ៉ាក់សាំងដូសជម្រុញបាន។
*ទី២៖ ដោយសារមិនមានថ្ងៃកំណត់ឲ្យពួកគាត់មកចាក់ដូសទី៣ ទើបពួកគាត់ចេះតែពន្យារពេល។
*ទី៣៖ ពួកគាត់ដឹង តៗគ្នាក្រៅផ្លូវការ ថា ពេលចាក់ដូសទី៣ រួច ធ្វើទុក្ខក្តៅខ្លួន ឬឈឺសាច់ដុំ។
*ទី៤៖ មានប្រជាពលរដ្ឋមួយចំនួនមិនទាន់បានទទួលព័ត៌មានការចាក់ដូសទី៣។
*ទី៥៖ មានប្រជាពលរដ្ឋ មួយចំនួនគេចវេស មិនព្រមមកចាក់ ដោយសារតែគាត់បានចាក់២ ដូសរួចមកហើយ ។
*ទី៦៖ មានប្រជាពលរដ្ឋខ្លះយល់ច្រឡំ ថាចាក់ដូសទី៣ ថ្នាំស៊ីណូវ៉ាក់ដដែល ខ្លាចគ្មានប្រសិទ្ធភាព ។
*ទី៧៖ អាចមានការពន្យាការចាក់ទាំងខាងប្រជាពលរដ្ឋ និងខាងមន្ត្រីសុខាភិបាល។
*ទី៨៖ បញ្ហាការបែងចែក ដោយអ្នកបានចាក់ជាមួយខាងយោធា ត្រូវចាក់ដូសទី៣ ជាមួយយោធាវិញ រីឯអ្នកបានចាក់ទី ពីរជាមួយមន្ត្រីសុខាភិបាល ត្រូវមកចាក់ដូសទី៣ កន្លែងមន្ត្រីសុខាភិបាលវិញ ដើម្បីងាយស្រួលបញ្ចូលទិន្នន័យ។

យ៉ាងណាក៏ដោយលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញនេះ គឺមានសារៈសំខាន់ណាស់ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលដាលជំងឺកូវីដ១៩ រួមទាំងមេរោគបំលែងថ្មី «អូមីក្រុង» ដូច្នេះអាជ្ញាធរក្រុងស្រុក និងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការ ក៏ដូចជា កសាងកម្លាំងដើម្បីចុះទៅមូលដ្ឋាន ដើម្បីចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីការពារសុខមាលភាពរបស់ពួកគាត់ឲ្យរួចផុតពី ការឆ្លងរាលដាលជាថ្មីនូវវីរុសកូវីដ១៩ បំម្លែងថ្មីនេះ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានប្រាប់ឲ្យគណៈបញ្ជាការរដ្ឋបាលក្រុងស្រុក ជួយក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យស្ទុកទឹកប្រើប្រាស់មានការសន្សំសំចៃ ទុកសម្រាប់ស្រោចស្រពដំណាំ នារដូវប្រាំងនេះ។

ទន្ទឹមនឹងរដូវប្រាំងចូលមកដល់នេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរត្រៀមលក្ខណៈ ដើម្បីអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ពេលមានអគ្គីភ័យកើតឡើង។ ក្នុងនោះត្រូវមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះប្រភពដែលនាំឱ្យកើតអគ្គីភ័យ ដូចជាការបិទបារ៉ែតភ្លើង ពេលមិននៅផ្ទះ ភ្លើងចង្ក្រាន ឬភ្លើង ភ្នក់ដែលដុតនៅក្រៅផ្ទះ ត្រូវពិនិត្យមើលឱ្យសព្វជ្រុងជ្រោយផងដែរ។ ដូច្នេះសមត្ថកិច្ចមូលដ្ឋានត្រូវពិនិត្យឡើងវិញ នូវរថយន្តពន្លត់អគ្គីភ័យ និងត្រៀមកម្លាំងប្រចាំការ ដើម្បីជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា៕