(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ដំណើរការព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២នៃការប្រឡងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូនល្អ មិនមានបាតុភាពអ្វីកើតឡើងនោះឡើយ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅ ដំណើរការប្រឡងបាក់ឌុបថ្ងៃ២៨ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិ ដោយបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួត ជាមួយក្រសួង ស្ថាប័នចំនួន៧÷ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ»

បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់ ។ នៅព្រឹកនេះ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកយោងទាំងអវត្តមានថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស។

បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

បេក្ខជនមានបញ្ហាសុខភាព ចំនួន៣៦ករណី ក្នុងនោះបេក្ខជនមានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ២នាក់ បេក្ខជនមានកម្តៅលើសធម្មតា ដែលត្រូវដាក់អោយប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន ៣នាក់ និងបេក្ខជនមានបញ្ហាសុខភាពដ៏ទៃទៀតចំនួន៣១នាក់។

ដោយឡែកបេក្ខជន២នាក់ មានបញ្ហាសុខភាពត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវបានបញ្ជូនត្រឡប់មកចូលរួមដំណើរការសំណេរវិញ និងបេក្ខនារីម្នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពេលគាត់បញ្ចប់ដំណើរសំណេរព្រឹកថ្ងៃទី២នេះ។

ជារួមបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ អាចបន្តការប្រឡងរហូតដល់ចប់ ក្រោមការយកចិត្តទុកដាក់ពីគណៈមេប្រយោគ ភ្នាក់ងារសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។

សូមជម្រាបថា ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

ដោយឡែកពេលរៀលវិញ មានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី៕