(ព្រះវិហារ)៖ កងទ័ព នៃវរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ បានប្រកាសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

ការប្រកាសគាំទ្ររបស់នាយ នាយរងនិងពលទាហាន នៃវរសេនាតូចលេខ៣៨៥ បែបនេះបានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំសម្ភារ និងថវិកា មកចែកជូននាយ នាយរង និងពលទាហាន នៅក្នុងវរសេនាតូចលេខ៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែននៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ផាន់ និមត្ត តំណាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក ហូ សិទ្ធី ព្រមទាំងថ្នាក់ដឹកនាំខុទ្ទកាល័យ ក្រុមជំនួយការ ក្រុមទីប្រឹក្សា ជូនដល់នាយ នាយរង និងពលទាហាន នៅក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហានឱ្យបានដឹងពីលទ្ធផលដែលយើងអាចបើកប្រទេសឡើងវិញបាន? លោកថាលទ្ធផលនៃការចាក់វ៉ាក់សាំង បានបង្ហាញឱ្យយើងឃើញនៅពេលនេះឯង រយៈពេល២ឆ្នាំនេះការប្រយុទ្ធជាមួយកូវីដ បានឱ្យយើងឃើញនូវប្រសិទ្ធិភាពនិងសក្ខីភាពនៃការសម្រេចចិត្តខាងយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវរបស់សម្តេចតេជោ ក៏ដូចជាប្រតិបត្តិករការអនុវត្តន៍ដោយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ហើយបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោទេ មកដល់ពេលនេះប្រតេសយើងក៏បើកអត់បានដែរ។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ជាទៀងទាត់ណាស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពរវរសេនាតូចលេខ៣៨៥ តែងបានរៀបចំជាទៀងទាត់កម្មវិធីចុះសួរសុខទក្ខ សំណេះសំណាល ព្រមទាំងបាននាំសម្ភារ ថវិកា មកចែកជូននាយ នាយរង និងពលទាហាន មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មុនពិធីបុណ្យភ្ជុំបិណ្ឌ និងមុនបុណ្យជាតិ៧មករា ដើម្បីជួយសម្រួលដល់ការខ្វះខាត និងមួយផ្នែកសម្រាប់ការកសាងអង្គភាព។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងណែនាំដល់នាយ នាយរងនិងពលទាហានចំណុះវរសេនាតូចលេខ៣៨៥ទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សា អាវុធ គ្រាប់រំសេវ និងលេណដ្ឋានឱ្យបានល្អ ដោយសារខែនេះជារដូវប្រាំងកុំឲ្យមានបាតុភាពអីកើតឡើង។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានណែនាំបន្ថែមដល់នាយ នាយរងនិងពលទាហានទាំងអស់នៃវរសេនាតូចលេខ៣៨៥ ត្រូវបន្តរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅក្នុងអង្គភាពឱ្យបានល្អ ពិសេសត្រូវបែងចែងតួនាទី ភារកិច្ចឱ្យបានច្បាស់លាល់ និងត្រូវបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងការណែាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក្នុងនាមលោក ហូ សិទ្ធី នាយកខុទ្ធការល័យសម្តេចតេជោ ក៏ដូចជាអង្គភាពវរសេនាតូចលេ៣៨៥ សូមថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ធានាគារកាណាឌីយ៉ា ភូមិវប្បធម៍និងលោកសាស្ត្រាចារ្យ ហាក់ ចាន់រឿន លោកសាស្ត្រាចារ្យ អ៊ូច ឌីណា លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលតែងតែបានចូលរួមគ្នាឧបត្ថម្ភដល់កម្មវិធីចុះសួរសុខទុក្ខនេះជាទៀងទាត់ផងដែរ។

សម្ភារដែលប្រគល់ជូននៅពេលនេះរួមមាន៖ នាយ នាយរង និងពលទាហានចំនួន២៩៥នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន ១៦ម៉ឺនរៀល, ប្រគល់ជូនអង្គភាពវរសេនាតូច៣៨៥ ចំនួន៥,០០០ដុល្លារ និងថ្នាំពេទ្យចំនួន ២កេសផងដែរ៕