(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបើកកិច្ចប្រជុំ គណៈកម្មាធិការកណ្ដាល នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង វររៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា, លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, សមាជិកគណៈកម្មាធិការកណ្តាល និងមន្ដ្រីប្រតិបត្ដិ សរុបចំនួន ១៩រូប។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្រាប់លទ្ធផលនៃកិច្ចប្រជុំនេះបានបង្ហាញពីសកម្មភាពការងារ ឆ្នាំ២០២១ និងដាក់ទិសដៅការងារឆ្នាំ២០២២, ចំណូល-ចំណាយ ឆ្នាំ២០២១ និងស្នើសុំការអនុម័ត លើផែនការថវិកា ចំណាយជាអាទិភាព ឆ្នាំ២០២២, ការស្នើសុំការអនុម័ត សេចក្ដីព្រាង យុទ្ធសាស្ដ្រ ២០២១-២០៣០ និងបញ្ហាផ្សេងៗ។

ក្នុងឱកាសនោះ លោកស្រី បានថ្លែងបញ្ជាក់ថា ជាលទ្ធផលបានអនុម័តរបាយការណ៍សកម្មភាពឆ្នាំ២០២១ ដែលសម្រេចបានទៅតាមវិស័យអាទិភាពទាំង៤ ក្នុងនោះមានជាសំខាន់ដូចជា៖ ការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩, ការជួយឧបត្ថម្ភសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតជាង ១០ម៉ឺនគ្រួសារ, កសាងផ្ទះសរុបចំនួន ៧៨៦ខ្នង សម្រាប់ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨ខ្នង (ក្នុងនោះព្រះរាជអំណោយរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ចំនួន ១០ខ្នង) និងជូនចាស់ឥតទីពឹងចំនួន ១៥៨ខ្នង, ការចូលរួមឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ការកាត់បន្ថយការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន និងការលើកកម្ពស់សុខភាពស្ត្រី និងកុមារ តាមរយៈសកម្មភាពការងាររបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់សាខា ២៥រាជធានី-ខេត្ត, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់អង្គការ សមាគមនានា ចំនួន ១១, រួមទាំងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការសង្គ្រោះបឋម ការផ្តល់កន្លែងលាងដៃតាមគ្រឹះស្ថានសិក្សា។ល។

លើសពីនោះ អនុម័តរបាយការណ៍ចំណូល-ចំណាយឆ្នាំ២០២១ ជាមួយនឹងអនុសាសន៍បន្តពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអនុម័តផែនការចំណាយជាអាទិភាពឆ្នាំ២០២២ ដែលជាកញ្ចប់ថវិកាមិនស្ថិតនៅក្នុងមូលនិធិទទួលបានពីសប្បុរសជន ហើយបើប្រៀបធៀបឆ្នាំ២០២១ ថវិកាស្នើសុំចំណាយឆ្នាំ២០២២ មានការថយចុះចំនួន ១២.៤០%។

សូមទស្សនាកិច្ចសម្ភាសទាំងស្រុងរបស់លោកស្រី ម៉ែន នារី សោភ័គ ដូចតទៅ៖