(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា២០២០-២០២១នេះ ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ និងដាក់ពាក្យប្រឡងចូលបម្រើការក្នុងស្ថាប័នរដ្ឋ ឬឯកជន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស។

ការរំពឹងបែបនេះ របស់លោកអភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសលោក បានអញ្ជើញក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានមណ្ឌលប្រឡងចំនួន ០២មណ្ឌល ក្នុងនោះមាន មណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មានចំនួន ៣២បន្ទប់ បេក្ខជនសរុបចំនួន ៧៧៩នាក់ ស្រីចំនួន ៤១៥នាក់ ក្នុងនោះបែងចែកចេញជា២រួមមានទី១៖ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់, ទី២៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន ១៥១នាក់ ស្រី ៨៣នាក់៕