(កំពង់ចាម)៖ ក្នុងឱកាសបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ប្រឹងប្រែងឲ្យទទួលបានជោគជ័យ ដោយត្រូវប្រកាន់យកគោលការណ៍ «ចេះ ជាប់»

លោកអភិបាលខេត្ត បានថ្លែងថា ក្មួយៗសិស្សានុសិស្ស ដែលបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងបញ្ចញឲ្យអស់ពីសមត្ថភាព ដែលខ្លួនបានសិក្សាកន្លងមក ដើម្បីយកជ័យលាភី ឈានទៅបន្តការសិក្សា នៅសកលវិទ្យាល័យ និងចូលរួមប្រលងអាហាររូបករណ៍ផ្សេងៗទៀត ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជា សង្គមជាតិ ផងដែរ។

បើតាមប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ នៅទូទាំងខេត្ត មានសិស្សានុសិស្សថ្នាក់ទី១២ បានដាក់ពាក្យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ ចំនួនជាង ៧ពាន់នាក់។ ក្នុងឆ្នាំនេះដែរ ចំនួនបេក្ខជន ដែលបានដាក់ពាក្យប្រលង មានចំនួនថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

ដោយឡែក មន្ទីរអប់រំ បានបែងចែកមណ្ឌលប្រលង ជា ២ផ្នែក ក្នុងនោះមាន ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ចំនួន២.៨៣០នាក់ ត្រូវជា ៥មណ្ឌល ស្មើនឹង ១១៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៤.២៨១នាក់ មានចំនួនមណ្ឌល ៧ ស្មើនឹង ១៧២ បន្ទប់៕