(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បានឱ្យដឹងថា ការរៀបចំប្រារព្ធខួបរយៈពេល២៣ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងបរិបទកូវីដ១៩ គឺជារបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គទេសក៍ឯកគ្រប់ដំណើរការរបស់ជាតិកម្ពុជា។

ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានចុះត្រួតពិនិត្យការរៀបចំស្តង់តាំងពិព័រណ៌ របស់បណ្តាលកងឯកភាពទ័ពនៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួបរយៈពេល២៣ឆ្នាំ ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១ នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោនបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជ័យផលនៃសន្តិភាព ហើយបើនិយាយពីជ័យផលនៃសន្តិភាព យើងបានដឹងគ្រប់គ្នា និងជាសច្ចៈភាពប្រវត្តិសាស្ត្រ គឺបានមកដោយនយោបាយឈ្នះ ដូច្នេះបើបានមកដោយ នយោបាយឈ្នះឈ្នះ គឺត្រូវដឹងពីស្ថាបនិកអ្នកបង្កើត ត្រូវដឹងពីអ្នកដឹកនាំជាមគ្គទេសក៍ឯក សម្តេចតេជោ នាយករដ្ឋមន្ត្រី ការសម្រេចបានដោយសារការចូលរួមក្រោមមាគ៌ាដឹកនាំដ៏ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកនយោបាយឈ្នះឈ្នះ មកអនុវត្តនៅកម្ពុជា រហូតឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា»

បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ សម្រាប់ប្រតិបត្តិករអនុវត្តនយោបាយឈ្នះឈ្នះ ត្រូវបានឆ្លាក់នៅលើជញ្ជាំងវិមានឈ្នះឈ្នះ ក្នុងន័យនេះ វិមានឈ្នះឈ្នះ មានន័យថា កន្លែងដែលត្រូវប្រមូលផ្តុំ និងទុកដាក់តាក់តាង នូវអំណេះអំណាងជាប្រវត្តិសាស្ត្រទាំងអស់នោះ ជាបណ្តុំ ឬជាមជ្ឈមណ្ឌលត្រូវបង្ហាញឱ្យឃើញភាពជាក់ស្តែងទាំងអស់ថា លក្ខណៈនៃនយោបាយឈ្នះឈ្នះ យ៉ាងដូចម្តេច? ហើយប្រវត្តិ និងជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ឯក ជាស្ថាបនិកឯក នៃនយោបាយឈ្នះឈ្នះនោះយ៉ាងណា មានអ្វីខ្លះ រួមទាំងប្រតិបត្តិករ និងដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «អញ្ចឹងទេ អីឡូវនេះ យើងកាន់តែឃើញនូវភាពជាក់ស្តែង ភាពប្រាកដនិយម នៃនយោបាយឈ្នះឈ្នះ ដែលសម្តេចលោកបានដឹកនាំនៅក្នុងមួយជីវិតរបស់សម្តេចតាំងពីដើម ហើយជាពិសេសបំផុតតាំងពីថ្ងៃទី២០ មិថុនា ១៩៧២ សម្តេចបានក្លាយជាអ្នកដឹកនាំផ្ទាល់នៅក្នុងគ្រប់ដំណើរជាតិ ដែលឈានរហូតមកប្រទេសយើងបានសុខសន្តិភាពដូចសព្វថ្ងៃ។

អញ្ចឹងទេ ការប្រារព្ធទិវានយោបាយឈ្នះឈ្នះនៅក្នុងឆ្នាំនេះ ក៏មានអត្ថន័យដ៏វិសេសវិសាលមួយដែរ យើងទើបទទួលបាននូវសមិទ្ធផលជោគជ័យដ៏ត្រចេះត្រចង់មួយអាចថានៅក្នុងកម្រិតពិភពលោកក៏បានដែរ ជាមួយនឹងសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលយើងបានបើកសង្គម ដែលអាចនិយាយថា គឺដោយសារសម្តេចតេជោ នៅតែជាមគ្គទេសក៍ គ្រប់ដំណើរការជាតិផងដែរ ដែលដាក់វិធានការយុទ្ធសាស្ត្រ ហើយនឹងវិធានការផ្សេងៗទាំងអស់ រហូតយើងអាចបើកសង្គម បើកសេដ្ឋកិច្ច បើកសកម្មភាពទាំងវិញបាន»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានគូសបញ្ជាក់ថា សម្រាប់ការរៀបចំទិវានយោបាយឈ្នះឈ្នះ នៅក្នុងឆ្នាំ២០២១នេះ គឺសញ្ញាថ្មីនៃស្នាដៃ និងសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាក់ស្តែងការប្រយុទប្រឆាំងជាមួយជំងឺកូវីដ១៩ នៅកម្ពុជានាពេលនេះ ក្រោមការគូសវាសរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រ ដូច្នេះ ការជួបជុំ និងការរៀបចំប្រារព្ធទិវានយោបាយឈ្នះឈ្នះ ជាព្រឹត្តិការណ៍ថ្មីមួយរបស់មាតុភូមិកម្ពុជា។

តាមការគ្រោងទុករបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៣ នៃកា របញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន (២៩ ធ្នូ. ១៩៩៨-២៩ ធ្នូ ២០២១) ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបង្ហាញដល់សាធារណៈជនជាតិ អន្តរជាតិឱ្យឃើញនូវការបញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា នាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ។

ពិធីអបអរសាទរខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវីល នៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ត្រូវប្រារព្ធធ្វើបន្ទាប់ពីពិធីសម្ភោធន៍អគាររដ្ឋបាលថ្មី នៃទីស្តីការក្រសួងការពារជាតិ ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែធ្នូ ដែលជាថ្ងៃទិវានយោបាយឈ្នះឈ្នះ៕