(ភ្នំពេញ)៖ សិក្ខាកាមជាយោធារបស់យោធភូមិភាគពិសេស ចំនួន១២០នាក់ បានបញ្ចប់ដោយជោគជ័យវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលមានរយៈពេល១៩ថ្ងៃ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអាជ្ញាធរដែនដី នៅទីបញ្ជាការយោធភូមិភាគពិសេស រាជធានីភ្នំពេញ។

បើតាមឧត្តមសេនីយ៍ទោ ឌី សេរីវុឌ្ឍ មេបញ្ជាការរង យោធភូមិភាគពិសេស និងជាប្រធានក្រុមប្រតិបត្តិរុករកសង្គ្រោះគ្រោះមហន្តរាយបានអានរបាយការណ៍បូកសរុបលទ្ធផលបញ្ចប់វគ្គនេះថា យោធភូមិភាគ បានដំណើរការបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ រយៈពេល១៩ថ្ងៃ មានសិក្ខាកាមចំនួន ១២០នាក់ មានមេរៀន ទ្រឹស្តី សរុបចំនួន១២ មេរៀន អនុវត្តន៍លើទីលាន ៥មេរៀន និងសមយុទ្ធ យុទ្ធដំណើរទ័ព ១លើក មានរយៈពេល ២យប់ ៣ថ្ងៃ ហើយបានរៀបចំបិទវគ្គដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

មេបញ្ជាការយោធភូមិភាគពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់សម្ភារៈ គ្រឿងបំពាក់ និងមធ្យោបាយដល់កងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ ដល់យោធភូមិភាគពិសេសនេះ ធានាគ្រប់គ្រងថែរក្សាឱ្យបានល្អនូវរាល់សម្ភារៈដែលបានបំពាក់ ដើម្បីត្រៀមបំពេញភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយ តាមបទបញ្ជារបស់ថ្នាក់លើឱ្យទទួលបាននូវលទ្ធផលល្អ។

លោក ហង្ស សាមឿន តាងនាមឱ្យនាយឧត្តមសេនីយ៍ គន់ គីម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី យកចិត្តទុកដាក់របស់មេបញ្ជាការយោធភូមិភាគពិសស ដែលបានរៀបចំកម្មវិធីហ្វឹកហ្វឺននេះឡើង ដើម្បីជាការត្រៀមបម្រុងដ៏ល្អប្រសើរសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ ពិសេសដោយទឹកជំនន់។

លោកបានបន្តថា ឧបករណ៍ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយរបស់យោធភូមិភាគពិសេស ជាកម្មវិធីហ្វឹកហ្វឺនបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយ ក៏ត្រូវបានរៀបចំឡើងជូនដល់កង៧០៦ របស់យោធភូមិភាគពិសេស ដោយមានការចូលរួមពីគ្រូបង្គោលរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

ជាមួយគ្នានេះដែរ លោក ហង្ស សាមឿន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃផលប៉ះពាល់ និងខូចខាតដោយជំនន់ទឹក ភ្លៀង មានទំហំតូចបើប្រៀបធៀបជាមួយឆ្នាំ២០២០។ ប៉ុន្តែទោះបីគ្រោះមហន្តរាយមានទំហំតូចក្តី ក៏ទាមទានូវការយកចិត្តទុកដាក់ លើការឆ្លើយតបសង្គ្រោះបន្ទាន់បានទាន់ពេលវេលា ព្រោះប្រសិនបើការឆ្លើយតបយឺតយ៉ាវ អាចធ្វើឱ្យគ្រោះមហន្តរាយតូច ក្លាយជាគ្រោះមហន្តរាយធំបាន។

លោក ហង្ស សាមឿន បានស្នើដល់កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យកងកម្លាំងមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញការងារប្រតិបត្តិការរុករកសង្គ្រោះត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងជួយគ្នាទៅវិញទៅមកធានាសមត្ថភាពប្រតិបត្តិការឱ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត។

បន្ថែមពីនេះ លោកសង្ឃឹមថាតាមរយៈការហ្វឹកហ្វឺននាពេលកន្លងមកនឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាពខ្វះខាតនៃសមត្ថភាព រុករកសង្គ្រោះរបស់យើងកន្លងមកសម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និងសូមប្រកាសបិទ «ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយកង៧០៦ របស់យោធភូមិភាគពិសេស» ចាប់ពីពេលនេះតទៅ។

ក្នុងនាមជួសមុខឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធលនៃមហាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា ដែលបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ក្នុងឱកាសនោះ លោក ហង្ស សាមឿន ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៨លានរៀល ប្រគល់ជូនយោធាភូមិភាគពិសេស ដើម្បីប្រើប្រាស់លើកិច្ចការងារមួយចំនួនរបស់អង្គភាពផងដែរ៕