(ភ្នំពេញ)៖ ថ្មីៗនេះ ការចេញវិក្កយបត្រប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅក្នុងភូមិខ្ទរ ភូមិកៀនឃ្លាំង និងភូមិព្រែកលៀប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ បានកើតមានបាតុភាពមិនប្រក្រតី ដោយបរិមាណប្រើប្រាស់ទឹកស្អាត មានការកើនឡើងខ្លាំង ពោលគឺមានកើនឡើងពី២ ទៅ៥ដង ដោយផ្ទះខ្លះកើនឡើងដល់១លានរៀល ខណៈកន្លងមកប្រើប្រាស់អស់តែ២០ម៉ឺនរៀល និងផ្ទះខ្លះទៀតកើនឡើង ដល់ជាង៣លានរៀល ដែលជាធម្មតា រាល់ពេលចេញវិក្កយបត្រប្រើប្រាស់ទឹកម្តងៗ ត្រឹមតែជាង៤០ម៉ឺន ទៅ៦០ម៉ឺនប៉ុណ្ណោះ ដែលធ្វើឱ្យពលរដ្ឋចេញតវ៉ា។

លោក កប ច័ន្ទវិទ្យា ពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកលាបបានឱ្យដឹងថា វិក្កយបត្រប្រើប្រាស់ទឹក ដែលចេញលើកក្រោយនេះ បានកើនឡើងរហូតជាង៣លាន កើនឡើងលើស ខែធម្មតារហូតដល់៥ដង ពោលជាធម្មតាប្រើប្រាស់អស់ប្រមាណតែពី៤០ម៉ឺន ទៅ៥០ម៉ឺនប៉ុណ្ណោះ។ ចំពោះការកើនឡើងនេះ លោកក៏ដឹងពីមូលហេតុដែរ តែយ៉ាងណាលោកសំណូមពរឱ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ចុះតម្លៃលើការប្រើប្រាស់ទឹកលើកចុងក្រោយ និងសម្រួលលក្ខខណ្ឌ ក្នុងការបង់ប្រាក់ផងដែរ។

ចំណែកអ្នកស្រី ប៊ី សុខលី ពលរដ្ឋរស់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា ធម្មតាក្នុងរយៈពេលប្រមាណ២ខែម្តង ដែលអ្នកស្រីទទួលវិក្កយបត្រទឹក អស់ប្រមាណជាង១០ម៉ឺន ទៅ ២០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែវិក្កយបត្រដែលទទួលបានលើកនេះ ជាង៨៩ម៉ឺនរៀល បូកនឹងតួលេខដែលគេសរសេរថា ជំពាក់ជាង២០ម៉ឺនទៀត សរុបជាង១លានរៀល។ ទោះជាយ៉ាងនេះក្តី អ្នកស្រីយល់ព្រមតាមការដោះស្រាយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយពេលនេះ អ្នកស្រីបានទៅបង់ថ្លៃទឹករួចរាល់ហើយ។

ជាមួយគ្នា អ្នកស្រីពលរដ្ឋរស់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ សំណូមពរឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញវិក្កយបត្ររាល់១ខែម្តង ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពបង់ ដោយសារការយកថ្លៃទឹករយៈពេល២ខែម្តង ឬខ្លះ៣ខែម្តង ធ្វើឱ្យបរិមាណលុយច្រើន ពលរដ្ឋពិបាកបង់។

ជុំវិញបញ្ហាវិក្កយបត្រទឹកឡើងថ្លៃខុសប្រក្រតី នៅភូមិចំនួន៣ នៅសង្កាត់ព្រែកលាបនេះ លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្ម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពន្យល់ថា មានមូលហេតុចំបង២ ដែលនាំឱ្យកើតមានភាពមិនប្រក្រីតី ចំពោះវិក្កយបត្រទឹក នៅភូមិចំនួន៣នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារឡើងថ្លៃខុស ពីធម្មតា
ទី១. ដោយសារកំហុសរបស់ភ្នាក់រដ្ឋាករទឹក ហើយបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចបញ្ឈប់ភ្នាក់ងារម្នាក់នេះចេញពីការងារហើយ ដោយសារតែភ្នាក់ងារម្នាក់នេះ អានលេខនាឡិកាទឹក ក្នុងតំបន់នោះមានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមគោលការណ៍របស់អង្គភាព ជាហេតុធ្វើឱ្យការចេញវិក្កយបត្រចុងក្រោយ មានការកើនឡើងខ្ពស់នៃបរិមាណទឹកប្រើប្រាស់។ ទី២. ទុយោទឹករបស់ពលរដ្ឋមួយចំនួនមានការលេចធ្លាយ ដែលធ្វើឱ្យបរិមាណទឹកកើនឡើង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាត់ចែងក្រុមការងារចុះត្រួតពិនិត្យ និងអានលេខនាឡិកាទឹកជាក់ស្តែង ដែលអតិថិជនបានប្រើប្រាស់រួចហើយ ឃើញថា បរិមាណប្រើប្រាស់ទឹកមានការកើនឡើងខ្ពស់នៅចុងឆ្នាំ២០២១ ជាបរិមាណទឹកនៅសល់ក្នុងនាឡិកា មិនបានអានត្រឹមត្រូវនាពេលកន្លងមក ដែលគិតជាបរិមាណទឹកប្រើប្រាស់សរុបឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០២១ គឺប្រហាក់ប្រហែលគ្នាចំពោះទីតាំងអតិថិជនដែលពុំមានការលេខធ្លាយ ឬ អំណានត្រឹមត្រូវ ហើយក្រុមការងារក៏បានពិនិត្យរកឃើញទីតាំងមួយចំនួនមានការលេខធ្លាយបណ្តាញក្រោយនាឡិកាផងដែរ ។

លោកបញ្ជាក់ថា ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ដែលជួបភាពមិនប្រក្រតីសូមមេត្តាទាក់ទងមកកាន់ទូរស័ព្ទលេខ ០១២៦៣០៩៣០ ដើម្បីក្រុមការងារចុះពិនិត្យនិងដោះស្រាយដល់ទីតាំងផ្ទាល់ឬអញ្ជើញឡើងមកកាន់ស្នាក់ការកណ្តាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរៀងរាល់ម៉ោងធ្វើការ។ ក្នុងនោះ រដ្ឋាករទឹកនឹងផ្តល់លក្ខខណ្ឌនៃការបង់ថ្លៃប្រើប្រាស់ទឹក ដែលកើនខ្ពស់នេះ តាមរយៈពន្យាពេលជូន ឬ បង់រំលស់វិញ ដែលមានរយៈពេល១ឆ្នាំ។ តែយ៉ាងណាមិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនអាចបញ្ចុះតម្លៃបានទេនោះ ព្រោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានបែបបទ ក្នុងការកត់ត្រាច្បាស់លាស់ និងជាបរិមាណទឹកដែលមានក្នុងនាឡិកាពិតប្រាកដ ។

បើតាមប្រធាននាយកដ្ឋានអាជីវកម្ម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពលរដ្ឋដែលដាក់ពាក្យស្វែងរកដំណោះស្រាយ ជុំវិញការកើនឡើងតម្លៃទឹកនេះ មានចំនួន១៤០គ្រួសារ ហើយបន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់យុទ្ធនាការចុះដោះស្រាយជាងមួយខែមក នៅសល់ជាង២០គ្រួសារទៀតនោះទេ ដែលនៅបន្តតវ៉ា៕

សូមស្តាប់ការបកស្រាយលម្អិតរបស់ លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្ម របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងការលើកឡើងរបស់ ពលរដ្ឋតទៅ៖