(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹក ដាស់តឿន និងផ្តាំផ្ញើសិស្សដែលជាបេក្ខជនប្រឡងទាំងអស់ សូមបញ្ចេញឲ្យអស់សមត្ថភាព ដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត។

ការក្រើនរំលឹក ដាស់តឿន និងផ្តាំផ្ញើនេះខណ:លោក ម៉ៅ ធនិន បានដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ចូលរួមបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២០-២០២១ នៅសាលាវិទ្យាល័យ កម្ពុជាមិត្តភាពកម្ពុជា-ជប៉ុនក្រុងកំពត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ៅ ធនិន បានបន្តថា «សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ដែលត្រូវប្រឡងជាប់ជាស្ថាពរនោះ ហើយឈានទៅចាប់យកបន្តចំណេះវិជ្ជានៅមហាវិទ្យាល័យ សាកលវិទ្យាល័យដ៏ទៃទៀតពេលចប់នោះ ត្រូវរួមគ្នាយកចំណេះវិជ្ជាទាំងអស់នេះ ទៅបំរើប្រយោជន៍សង្គម និងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពីទីក្រុងដល់ជនបទឲ្យក្លាយជាធនធានមួយ មានសក្ដានុពល សំដៅការកសាងនិងអភិវឌ្ឍប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត»

តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នេះ មានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

ដោយឡែកសម្រាប់នៅខេត្តកំពត មានបក្ខជនដាក់ពាក្យប្រឡង ចំនួន ៥.០៣០នាក់ មានមណ្ឌលប្រឡងនៅក្នុងក្រុង ស្រុកចំនួន ៣ គឺនៅក្នុងនោះក្រុងកំពតមានចំនួន៤មណ្ឌល, ស្រុកអង្គរជ័យ ចំនួន ៣មណ្ឌល, និងស្រុកទឹកឈូ ចំនួន ៣មណ្ឌល។

ពាក់ព័ន្ធការប្រឡងនេះលោក តាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ក៏បានបញ្ជាក់ថា «ដំណើរការប្រឡងនេះ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ បានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីឡើយ។ ពិសេសពាក់ព័ន្ធនឹង បញ្ហាជំងឺកូវីដ១៩ ក៏មិនមានបញ្ហាអ្វីរំខានដល់សិស្សសម្រាប់ចូលប្រលងនោះដែរ ដោយគ្រាន់តែមុនមួយថ្ងៃនៃការប្រឡង មានកិច្ចសហការពីមន្ទីរសុខាភិបាល បានល្អក្នុងការធ្វើតេស្ត វាស់កម្ដៅ មានការប្រែប្រួលបន្តិចបន្តួច ចំពោះសិស្សមួយចំនួនតូច ដែលត្រូវប្រឡងដោយសារការធ្វើដំណើរមកឆ្ងាយ។ ប៉ុន្តែសម្រាប់រហូតដល់ថ្ងៃចូលប្រឡងនេះ គឺមានលក្ខណៈកម្ដៅល្អប្រសើរឡើងវិញអាចបានចូលប្រឡងធម្មតា»