(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកវិញ្ញាសារឲ្យប្អូនៗ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ ដែលមានបេក្ខជនប្រឡងសរុបចំនួន ៤,៥៥៥នាក់។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រកាសចំពោះមុខសិស្សទាំងអស់ថា បើបេក្ខជនណាមានសមត្ថភាពប្រឡងបាននិទ្ទេស A នឹងបានទទួលរង្វាន់នៅម៉ូតូចំនួន០១ គ្រឿងជាការលើកទឹកចិត្ត។

ក្នុងពិធីបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្មួយៗជាបេក្ខជនថា ត្រូវធ្វើខ្លួនល្អប្រឹងប្រែងសិក្សា ដើម្បីសង្គមជាតិ ដែលកំពុងត្រូវការធនធានដោយខ្វះមិនបានដើម្បី អភវឌ្ឍន៍ប្រទេសយើងទៅថ្ងៃអណាគត់។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្មួយៗជាយុវជនជំនាន់ថ្មី គឺជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពលសម្រាប់សង្គមជាតិទាំងមូល ហើយក្មួយៗ ត្រូវមានសេចក្តីក្លាហាន ក្នុងការដណ្ដើមយកនិទ្ទេសល្អសម្រាប់ខ្លួនឯង និងសម្រាប់កិត្តិយសគ្រួសារ តាមរយៈបញ្ចេញឲ្យអស់ពីសមត្ថភាព នៅលើក្រដាសវិញ្ញាសា ដោយមិនបង្កការរំខានដល់អ្នកដទៃ។

លោកបានសង្កត់ធ្ងន់ថា «ក្មួយៗទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ ហើយងាកមកខិតខំសិក្សាស្រាវជ្រាវយកចំណេះជំនាញ ដើម្បីអនាគតរបស់ខ្លួន ត្រូវចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ អោយបានរីកចម្រើនទៅថ្ងៃអនាគត»

បើយោងតាមរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅក្នុងឆ្នាំ២០២១នេះ មានបេក្ខជនប្រឡងទូទាំងខេត្តកំពង់ស្ពឺ សរុបមាន ចំនួន៤,៥៥៥នាក់ ក្នុងនោះស្រីចំនួន ២៣៩០នាក់។ មណ្ឌលប្រឡងមានចំនួន១១មណ្ឌល និងមានចំនួន ១៨៥បន្ទប់ ដែលមានគណៈមេប្រយោគ ចំនួន ៦២៧នាក់ ស្រី១៧៩នាក់។

សម្រាប់ទូទាំងប្រទេសវិញ ក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់ ដោយមណ្ឌលប្រឡងមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់។

ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕