(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលដឹងច្បាស់ពីសំឡេងផ្ទុះគ្រាប់ និងជាសាក្សីឃើញផ្ទាល់ភ្នែក នៃហេតុការណ៍គ្រោះអគ្គិភ័យ ឆេះរោងចាស់ទុកចោល ក្នុងបវិវេណ អធិការដ្ឋាន នគរបាលក្រុងច្បារមននោះ បានចេញមកប្រាប់ Fresh News ថា មូលហេតុពិតប្រាកដ គឺមកពីផ្ទុះគ្រាប់។

ការចេញមកបញ្ជាក់ដល់អង្គភាព Fresh News ពីមូលហេតុ នៃគ្រោះអគ្គិភ័យមួយនេះ គឺដើម្បីចង់ឆ្លើយតបការលើកឡើងរបស់ស្នងការនគរបាលខេត្ត លោក កែវ ពីសី ថា មូលហេតុមិនមែនមកពីផ្ទុះគ្រាប់នោះទេ តែនៅពេលសួរពីមូលហេតុ លោកឆ្លើយថា មិនដឹង។

សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ ហើយស្ថិតនៅកន្លែង ភ្លើងឆេះនោះ បាននិយាយថា «ខ្ញុំឃើញស្នងការខេត្តកំពង់ស្ពឺ ឆ្លើយតបថា មិនបណ្តាលមកពីផ្ទុះគ្រាប់នោះ គឺកុហកហើយ បើខ្ញុំនៅក្បែរកន្លែងឆេះ និងប្រជាពលរដ្ឋជាច្រើននាក់ ឃើញ និងឮផ្ទាល់ត្រចៀក។ មុនដំបូងឮសំឡេងផ្ទុះគ្រាប់កំាភ្លើង AK ប្រមាណ១៥នាទី និងចុងក្រោយផ្ទុះខ្លាំងសូរផូង! ខ្ញុំក៏បានប្រាប់ទៅប្រជាពលរដ្ឋទាំងនោះថា សូមកុំទៅជិត ប្រយ័ត្នមានគ្រោះថ្នាក់់ ហើយឡានទឹកមកជួយមិនទាន់នោះទេ»

នៅថ្ងៃមិញ នៅពេលចេញមកបញ្ជាក់ពីមូលហេតុ និងព័ត៌មានលម្អិតស្តីពីករណីភ្លើងឆេះនេះ លោកស្នងការខេត្តកំពង់ស្ពឺ ដែលប្រើសម្តីមួយៗ និងខ្លាំងៗ ក៏បានព្រមានដល់អង្គភាព Fresh News កុំផ្សាយរបៀបក្លែមច្រើនពេក នាំឲ្យមានចលាចលសង្គម ហើយជាងនេះទៅទៀតនោះ គឺលោកស្នងការ បានប្រាប់ឲ្យសហការីរបស់ Fresh News ប្រចាំខេត្តកំពង់ស្ពឺ រាយការណ៍ពីព័ត៌មាននេះ តេទៅសុំទោសគាត់ទៀតផង។

លោកស្នងការរូបនេះ ក៏បានប្រាប់មក Fresh News ថា រឿងចឹងៗ ក៏យកទៅផ្សាយ ហើយត្រូវតេទៅសួរនាំគាត់សិន។ ចំពោះការប្រើពាក្យសម្តីរបស់លោកឧត្តមសេនីយ៍ កែវ ពិសី ខាងលើនេះ ត្រូវបានគេយល់ឃើញថា ត្រឹមរឿងរ៉ាវបែបនេះលោកស្នងការ ច្រឡោតយ៉ាងនេះទៅហើយ ចុះទំរាំការបម្រើប្រជាជនតាមមូលដ្ឋាន និងជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តើទៅជាយ៉ាងណាវិញ៕