(ព្រះវិហារ)៖ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ចូលថ្មី ចំនួន១២១នាក់ នៅឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានលើកដៃ ព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១២១នេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក សុខ សាន្តតារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកឆែប និងមានការចូលរួមពីលោក ឆៅ ហន ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយឃុំម្លូរព្រៃមួយ លោក ឆេង ហោន អនុប្រធានគណបក្សស្រុក ព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកបក្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក សុខ សាន្តតារ៉ា បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឆែប និងប្រធានក្រុមការងារខេត្ត ចុះជួយស្រុកឆែប ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការរស់នៅរបស់សមាជិកបក្សយើងគ្រប់ៗរូប។

លោក សុខ សាន្តតារ៉ា បានថ្លែងនូវការកោតសរសើរ ដល់សមាជិកបក្សថ្មីទាំង១២១រូប ដែលបានគិតត្រឹមត្រូវ និងច្បាស់លាស់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

បន្ថែមពីនេះលោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ៗរូបនិងគ្រប់កាលៈទេសៈ ពិសេសបានស្វែងរកសុខសន្តិភាពពេញលេញជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស និងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទ របស់អង្គសន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤៣ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕