(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី។

វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៦ ខែធ្នូនេះមានចំនួន៧៨៣,០០០ដូស ហើយចំនួន១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ។ នៅក្នុងឱកាសទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ នៅតែអនុញ្ញាតឱ្យប្រឡង ប៉ុន្តែប្រឡងនៅដាច់ដោយឡែក

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៧៖៥៥នាទី ថ្ងៃដដែលនេះ។