(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធាន គណៈ កម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សឃុំ គណៈសាខាភូមិ និងក្រុមការងារចុះជួយពង្រឹងឃុំត្រពាំងវែង និងឃុំគោកត្រប់ សរុបចំនួន៣៩៧នាក់។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហា សេនា បតី តេ ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ ព្រមទាំងក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល។

លោកបានមានប្រសាសន៍បន្តថា ប្រទេសជាតិយើងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហា សេនា បតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងនៅមូលដ្ឋានឃុំត្រពាំងវែង និងឃុំគោកត្រប់យើង មានផ្លូវបេតុង មានប្រព័ន្ធទឹក ភ្លើង សាលារៀន មន្ទីរ ពេទ្យ និងរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។

លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរ និងសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវតែការពារថែរក្សាសុខសន្តិភាព និងសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)ឱ្យបានគ្រប់ៗ គ្នា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងពេលខាងមុខនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូចនេះសូមបងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវចេះជួយគាំទ្រគ្នា សហការរួបរួមគ្នា ជួយគ្នាទៅវិញទៅមក និងចូលរួមធ្វើយុទ្ធនាការរកសម្លេងឆ្នោតទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរឃុំត្រពាំងវែង និងឃុំគោកត្រប់ សរុបចំនួន៣៩៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល ព្រមទាំងឧបត្ថមថវិកាចាក់គ្រួសនៅមណ្ឌលសុខភាពត្រពាំងវែងចំនួន ៥០០ដុល្លារ ឧបត្ថម្ភសំលៀកបំពាក់ដល់ប្រជាការពារ ៣០កំប្លេ ចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១៨,១០៦,០០០រៀល (ដប់ប្រាំបីលាន មួយសែន ហុកសិបពាន់រៀល) និង៥០០$(ប្រាំរយដុល្លារអាមេរិក)៕