(ភ្នំពេញ)៖ ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ អំពីបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអុីនធឺណិត នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណិត និងប្រជាពលរដ្ឋនៅ បុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍។ កម្មវិធីនេះ មានការចូលរួមពីភាគីពាក់ព័ន្ធ មានដូចជាក្រុមការងារពង្រឹងគុណភាពនៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការជួបប្រទះបញ្ហាប្រឈមទាក់ទងនឹងសេវាទូរសព្ទចល័ត បានឱ្យប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាគុណភាពសេវានេះ មានជាច្រេីនឆ្នាំមកហេីយ ជាពិសេសនៅពេលមានកំណេីនលំនៅឋាន និងប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា បង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងនីមួយៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិតឱ្យបានល្អប្រសេីរ។ ក្នុងនោះផងដែរក្រុមការងារនឹងសាងសង់បង្គោលអង់តែនបន្ថែមជាច្រើនទៀត ហើយត្រូវមានប្រតិបត្តិករចំនួន ៣ប្រើប្រាស់រួមគ្នាលើបង្គោលមួយ ដែលមានទម្រង់ជាដើមឈើ ប្រកបដោយសោភ័ណភាព។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោករដ្ឋមន្ត្រី បានលេីកឡេីងពីវឌ្ឍនភាពសមិទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាលើកជាសំណួរ ក៏ដូចជាចម្ងល់ផ្សេងៗ ព្រមទាំងសន្យាថានឹងត្រលប់មកទីតាំងដដែលនេះវិញ ក្នុងរយៈពេល ៣ខែក្រោយ ដើម្បីពិនិត្យមើលគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទទាំងអស់ ហើយប្រសិនបើពុំមានការកែលម្អគុណភាបសេវាទាំងអស់នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕