(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យ ចុងក្រោយលើការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គួរជម្រាបថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងយកនៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ សម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល សាលាប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ម៉ែត្រ បណ្ដោយ ប្រវែង១៩១ម៉ែត្រ កម្ពស់៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង។

ក្នុងអគាររដ្ឋបាល ទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែង ទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ ធ្វើពិធីត្រួតពលកង កិត្តិយស កងត្រែទ័ព នៅក្នុងអគារពេលមានភ្លៀងធ្លាក់។ ក្រៅពីនេះមានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូច-ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន១,០០០នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិផងដែរ៕