(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់មន្ត្រីបក្សទាំងអស់ត្រូវរួមសាមគ្គីភាពផ្ទៃក្នុង និងបង្កើនការយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការជំរុញបែបនេះរបស់លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងលោកស្រីអញ្ជើញរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ឆ្លៀតឱកាសនោះដែរ លោក វង សូត បានជំរុញមន្ត្រីគណបក្សគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈប្រចាំថ្ងៃ និងការលើកកម្ពស់ជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

លោកបានសង្កត់ធ្ងន់ថា «យើងត្រូវរួមគ្នាសាមគ្គីភាព ដោយត្រូវយកជ័យជំនះពីការបោះឆ្នោតខាងមុខនេះ និងត្រូវប្រឹងប្រែងត្រៀមលក្ខណៈឱ្យបានល្អ ពោលគឺត្រូវបន្តយកប្រជាប្រិយភាពនៅមូលដ្ឋានឱ្យប្រជាពលរដ្ឋ ឬសមាជិក សមាជិកា CPP និងចេះឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ»។

ជាមួយគ្នានេះលោក វង សូត ក៏បានអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវឈរលើគោលការណ៍ជ្រើសរើសបេក្ខជនដោយមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រមើមើលយុវជនដើម្បីបន្តវេន តាមរយៈការបោះឆ្នោត។ ទន្ទឹមនឹងនេះដែរ ប្រធានក្រុមការងារ បានឱ្យសមាជិក សមាជិកាជាមន្ត្រីបក្ស សកម្មជនបក្សទាំងអស់ ត្រូវបន្តរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍បន្តទៀតរបស់ស្នាដៃគណបក្ស។

លោក វង សូត បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាកូវីដ មិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ៕