(ស្វាយរៀង)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារដែលខ្វះខាត និងចាស់ជរាចំនួន ១៥០នាក់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស លោក គាំ រីបូន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាទី លោក លឹម សៀងហេង អភិបាលក្រុងបាវិត សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស សមាជិកគណៈកម្មាធិការគណបក្សក្រុង សង្កាត់ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

សម្រាប់អំណោយដែលនាំទៅប្រគល់ជូននាពេលរួមមានក្នុងម្នាក់ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យូរ, អាវរងារ និងថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងការសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការសួរសុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្រុងបាវិត។

ប្រធានក្រុមការងារ បានលើកឡើងអំពីភាពជោគជ័យ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការថែទាំសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការងារទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងបានណែនាំអោយពួកគាត់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងកូវីដ១៩ និងថែរក្សាសុខភាពអនាម័យជាប្រចាំ ទោះបីរាជរដ្ឋាភិបាលបានបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដោយ។

ជាងនេះទៅទៀត លោក លី ធុជ បានលើកឡើងអំពីការពលី និងលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ការរក្សាសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ដែលក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមាន។

លោកបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលរស់នៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ លោក លី ធុជ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពរបស់ប្រជាពលរដ្ឋជួសជុលផ្លូវលំមួយខ្សែស្ថិតក្នុងភូមិបត់ស្ថឹក សង្កាត់ច្រកម្ទេស ព្រមទាំងបានជួយឧបត្ថម្ភនូវគ្រួសចំនួន ០៤ឡាន ផងដែរ៕