(កណ្តាល)៖ សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ចូលថ្មីចំនួន២៧៥នាក់ នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកដៃ ព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

ជាមួយគ្នានេះសមាជិកសមាជិកថ្មីទាំងអស់ ក៏សូមប្រកាសពេញទំហឹងចំពោះការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀតផងដែរ ដូចអ្វីដែលបានសម្រេចជាឯកច្ឆ័ន្ធរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ការប្រកាសគាំទ្របែបចំពោះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតនេះ បានធ្វើឡើងនៅពេលដែលសមាជិកសមាជិកាទាំងអស់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀ និងលោក នួន ណារិន អនុប្រធានទី១ក្រុមការងារចុះជួយឃុំដើមឬស។

នាកាសនោះដែរលោកបណ្ឌិត ដួង ហេង បានលើកឡើងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្រប្រជាជនកម្ពុជា ដែលបានដាក់ចេញនៅឆ្នាំ១៩៩៨ ទើបធ្វើឱ្យប្រទេសកម្ពុជា បានបិទបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ធ្វើប្រទេសជាតិមានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈជីវភាពរបស់ប្រជាពលរដ្ឋ បន្តធូរធាជាបន្តបន្ទាប់ ប្រសិនបើគ្មាននយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនោះទេ ប្រាដកណាស់ប្រទេសកម្ពុជានឹងមិនមានការរីកចម្រើនដូចសព្វថ្ងៃនេះដែរ។

លោកបណ្ឌិត ក៏បានជម្រាបជូនទៅសមាជិក សមាជិកា ដែលទើបប្រកាសបញ្ចូលថ្មីអំពីនយោបាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំគៀងគរ និងស្វែងរកការបញ្ជាទិញវ៉ាក់សាំងពីបរទេស ជាពិសេសពីប្រទេសចិន ដែលមកយកផ្គត់ផ្គង់ និងជាប្រទេសដែលបានលក់វ៉ាក់សាំងជូនប្រទេសកម្ពុជាច្រើនជាងគេ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ៗគ្នា នៅក្របខ័ណ្ឌទូទាំងប្រទេស រហូតចាក់បានដូសទី៣។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសត្រៀមចាក់ដូសទី៤ ជូនដល់ក្រុមអ្នកនៅជួរមុខរួមមាន៖ គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងគ្រូបង្រៀនជាដើមមានជាង៥០ម៉ឺននាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានប្រាប់ទៅសមាជិកសមាជិកាថ្មីទាំងអស់ថា ពេលជ្រើសរើសប្រធានគណបក្សបានត្រឹមត្រូវ នោះនឹងធ្វើឱ្យការដឹកនាំរាជរដ្ឋាភិបាលដើរលើផ្លូវត្រូវ ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋបន្តរស់នៅប្រកបដោយភាពសុខដុមរម្យនា ជាដើម។ល។ល

លោកបណ្ឌិត ដួង ហេង ក៏មិនភ្លេចចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងបន្តគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។ គ្រានោះសមាជិក សមាជិក និងអ្នកចូលរួមបានទះដៃព្រមៗគ្នា បង្ហាញពីការចូលរួមគាំទ្រពេញទំហឹងចំពោះសេចក្តីសម្រេចនេះ។

នៅក្នុងឱកាសនោះលោកបណ្ឌិត ដួង ហេង និងក្រុមការងារក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចែកជូនសមាជិកសមាជិក និងអ្ន កចូលរួមប្រមាណ ៣៣០នាក់ផងដែរ៕