(ភ្នំពេញ)៖ ក្នុងបរិបទកូវីដ១៩ ដែលបាននិងកំពុងរីករាលដាលនៅឡើយ ប៉ុន្តែឆ្នាំនេះការប្រឡងបាក់ឌុបនឹងដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជនណាក្តៅខ្លួន ក៏ដោយ បេក្ខជនរូបនោះ នៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានលោក កើត ឆែ, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌចំនួន១០ នៅក្នុងរាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានលើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ គឺអនុវត្តមិនខុសពីឆ្នាំមុននោះទេ ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជំងឺកូវីដ១៩ ការប្រឡងគឺស្ថិតនៅក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណសាលារៀនឲ្យបានល្អប្រសើរចៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍។

លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំ ដើម្បីធានាសុវត្ថិភាព នៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។ បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៌មានក៏ដូចជា ធ្វើអន្តរាគមន៍ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលាពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពក្ដៅខ្លួនក៏យើងមិនឲ្យពួកគាត់ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សាបេក្ខជននោះអោយនៅប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯង។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ បានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់។

ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់មួយមណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕