(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានផ្ញើសារអបអរសាទរ និងជូនពរ ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសដែលសម្តេចត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតជូនពរនេះបានបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ ជាឥស្សរជនជាតិដ៏ឆ្នើមមួយរូប ប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងបុព្វហេតុដ៏ថ្លៃថ្លា ការពារខឿន ឯករាជ្យជាតិ និងបូរណភាពទឹកដី សម្ដេចពិជ័យសេនា ដែលជានិច្ចកាលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ជាប្រតិបត្តិករមួយរូបមានសមត្ថភាពពិតក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ការឯកភាពទឹកដី សន្តិភាព សុវត្ថិភាពរបស់ប្រជាជន បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម កសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ ពេញលេញ ជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ និងអភិបាលកិច្ចល្អ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ សូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕