(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានលើកឡើងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» គឺជាការលើកទឹកចិត្តដល់សហព័ន្ធកីឡាវាយកូនគោល និងស្ថាប័នពាក់ព័ន្ធ ដែលជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បានបន្តថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនាថ្ងៃនេះ ដើម្បីចូលរួមអបអរសាទរទិវានយោបាយឈ្នះឈ្នះ ខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១ ស្របនឹងសភាពការណ៍នៅកម្ពុជាមានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានលក្ខណៈល្អប្រសើរ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ និងវិធានការនានា ក្រោមការដឹកនាំដ៏ឈ្លាសវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានសម្រេចបើកប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋ កិច្ចជាតិ តាមរយៈការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

នាឱកាសនេះដែរ សម្តេចពិជ័យសេនា បានឱ្យដឹងថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យយប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ធ្វើការ វិនិយោគកាន់តែច្រើនទៅៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ទន់ រឹង ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង ក្រៅប្រទេស ការជួយគាំទ្រឧបត្ថម្ភគ្រប់ពេលវេលា គ្រប់ទីកន្លែង និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែល ដណ្ដើមបានពានរង្វាន់មេដាយមាស ប្រាក់ សំរិទ្ធិ នៅក្នុងថ្នាក់តំបន់ និងអន្តរជាតិទៀតផង។

ជាបើតាមសម្តេចពិជ័យសេនា បានរំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ឈាន ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ និងទុកជាមរតកមនុស្សជាតិ និងយុវជនគ្រប់ជំនាន់ ព្រមទាំងក្លាយជាប្រទេសមានសក្តានុពលកីឡា ទេសចរណ៍ វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក «កីឡារស់ក្នុងសន្តិភាព»។

ការប្រកួតកីឡាវាយកូនគោលនៅថ្ងៃនេះ សហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងខួបលើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកឯក៕