(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គមបានផ្ទុះការងឿងឆ្ងល់ជាខ្លាំងបន្ទាប់ពីឃើញរថយន្តផ្សេងគ្នាពីរគ្រឿង បែរជាពាក់ផ្លាកលេខតែមួយដូចគ្នា គឺផ្លាកលេខ «ភ្នំពេញ 2AQ-1333»។ ផ្លាកលេខនេះ ពាក់លើរថយន្តរថយន្ត Hyundai Venue និងរថយន្ត Lexus NX 200t។ ក្រសួងបានអះអាងថា ផ្លាកលេខដែលពាក់លើរថយន្ត Hyundai Venue ជាផ្លាកលេខត្រឹមត្រូវ ដោយឡែកផ្លាកលេខពាក់លើរថយន្ត Lexus NX 200t ជាផ្លាកលេខក្លែងក្លាយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រោយពីបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធ បានរកឃើញថា រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១។ ដោយឡែក រថយន្ត Lexus NX 200t ប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ផ្ទុយពីខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។

ក្រសួងបន្តថា ក្រសួងបានធ្វើការជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើរថយន្ត Lexus NX 200t។

ក្នុងសេចក្តីបំភ្លឺនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបផងដែរថា ការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយស្វ័យប្រវត្តិ ធានាមិនឱ្យមានការចុះបញ្ជីចេញផ្លាកលេខស្ទួន ឬយានយន្តចុះបញ្ជីដោយគ្មានការបង់ពន្ធនាំចូល ព្រមទាំងមាន QR Code សម្រាប់ស្កេនផ្ទៀងផ្ទាត់គល់បញ្ជីជាសាធារណៈនៅលើផ្លាកលេខ និងបណ្ណសម្គាល់យានយន្ត ថែមទៀតផង។

ដើម្បីអាចដឹងថាយានយន្តមានចុះបញ្ជីបំពាក់ផ្លាកលេខមាន QR Code ត្រឹមត្រូវ ឬក្លែងក្លាយ ក្រសួងស្នើសូមសាធារណជន និងបណ្តាញសារព័ត៌មានចូលរួមស្វែងយល់ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្តមាន QR Code។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងរួមជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តជំរុញការផ្សព្វផ្សាយដល់ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងសាធារណជន ពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរាល់ឯកសារពាក់ព័ន្ធនឹង យានយន្ត និងបណ្ណបើកបរឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ ការក្លែងបន្លំ ឯកសារសាធារណៈ និងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការពារបងប្អូនប្រជាពលរដ្ឋពីភាពងាយ រងគ្រោះដោយសារក្រុម ឬបុគ្គលទុច្ចរិត។

ក្រសួង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយករថយន្តរបស់ខ្លួនទៅចុះបញ្ជីបំពាក់ផ្លាកលេខឱ្យបានស្របច្បាប់ មុននឹងយកទៅប្រើប្រាស់ និងចៀសវាងការប្រើប្រាស់យានយន្តដោយមិនបានចុះបញ្ជីបំពាក់ផ្លាកលេខសម្គាល់ស្របច្បាប់ ឬបំពាក់ផ្លាកលេខសម្គាល់ក្លែងក្លាយ ដូចករណីខាងលើ៕