(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសអបអរសាទរ ចំពោះគណបក្សប្រជាជនដែលសម្រេចបាននូវមហាសន្និបាតបក្ស និងថាខ្លួននឹងប្រឹងប្រែងកែលំអពង្រឹងគណបក្សឡើងវិញ បន្តសម័្ពន្ធភាពជាមួយគណបក្សប្រជាជន ឱ្យកាន់តែរឹងមាំដើម្បីបម្រើប្រយោជន៍ជាតិ។ នេះបើតាមលិខិតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងលិខិតជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានសម្ដែងនូវការកោតសរសើរចំពោះអង្គសន្និបាតបក្សប្រជាជន ដែលសម្រេចដោយសាមគ្គីភាពក្នុងការបោះឆ្នោតជ្រើសតាំង និងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយចូលរួមដឹកនាំ និងសម្រេចការងារឱ្យកាន់តែខ្លាំងក្លា និងមានភាពជោគជ័យថែមទៀតសម្រាប់អនាគតកម្ពុជា។

ព្រះអង្គម្ចាស់ នរោតត្តម ចក្រាវុធ បានគូសបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះ៖ «ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច បាននិងកំពុងខិតខំប្រឹងប្រែងកែលម្អ និងពង្រឹងគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ ដើម្បីស្ដារកិត្តិយស កិត្យានុភាព ឱ្យក្លាយជាកម្លាំងជាតិមួយដ៏ខ្លាំង ក្នុងបំណងចូលរួមកសាងប្រទេសជាតិ និងបានខិតខំបន្តនូវសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច នាបច្ចុប្បន្នកាលក៏ដូចជាអនាគតកាលឱ្យកាន់តែរឹងមាំ និងទុកចិត្តគ្នាជាលំដាប់ ដើម្បីបម្រើផលប្រយោជន៍ប្រជារាស្ត្រ និងប្រទេសជាតិ ជាពិសេសលើកស្ទួយជីវភាពប្រជារាស្ត្រ និងបន្តរក្សានិរន្តភាពនៃរបបរាជានិយម និងព្រះរាជបល្ល័ង្ក»