(បន្ទាយមានជ័យ)៖ ប្រជាកសិករដែលរស់នៅតាមបន្ទាត់ព្រំដែនប្រកបមុខរបរដាំដំណាំដំឡូងមី ៨៥% និង ១៥% ជាអាជីវករ ជាពិសេសកសិករដែលរស់នៅក្នុងភូមិសាស្ត្រស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ បានបង្ហាញការត្អូញត្អែរពីទិន្នផលដែលប្រមូលបានមានការធ្លាក់ចុះ ដោយសារឆ្នាំនេះភ្លៀងធ្លាក់ជោកជាំទឹកជនលិច បណ្តាលឲ្យមើមស្អុយរលួយ រីឯតម្លៃឡើងខ្ពស់ជាងឆ្នាំទៅមិញ។

បើតាមប្រជាកសិករនៅស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ការដាំដុះប្រមូលផលដំឡូងមីក្នុងឆ្នាំនេះមានការថយចុះក៏ពិតមែន តែទីផ្សារល្អ រីឯតម្លៃឡើងខ្ពស់ជាងឆ្នាំទៅមិញ ដោយឆ្នាំនេះដំឡូងស្រស់លក់ចេញក្នុង១តោន តម្លៃ២៣០០បាត (ប្រាក់ថៃ) រីឯដំឡូងស្ងួតតម្លៃ៦៣០០បាត (ប្រាក់ថៃ)។
ដោយឡែក ឆ្នាំទៅមិញ ដំឡូងស្រស់លក់ចេញក្នុង១តោន តម្លៃ២៣០០បាត (ប្រាក់ថៃ) រីឯដំឡូងស្ងួតតម្លៃ៥៥០០បាត។

បើតាមឈ្មួញដែលទិញពីប្រជាកសិករបានឲ្យដឹងដែរថា ទិន្នផលដំឡូងមីឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំទៅមិញមិនខុសគ្នានោះទេ ពោលគឺមានការធ្លាក់ចុះដោយសារភ្លៀងធ្លាក់ជោកជាំទឹកជនលិច បណ្តាលឲ្យមើមស្អុយរលួយ ក៏ប៉ុន្តែតម្លៃលើទីផ្សារល្អប្រសើជាងឆ្នាំទៅមិញ ធ្វើឲ្យប្រជាកសិករ និងកម្មករស៊ីឈ្នូលដកដំឡូងមានការងារធ្វើ មិនចាំបាច់ឆ្លងដែនចំណាក់ស្រុកទាំងប្រថុយប្រថាន។

ប្រជាកសិករនៅខេត្តបន្ទាយមានជ័យនោះក៏បានសំណូមពរដល់ប្រមុខរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាជួយយកចិត្តទុកដាក់ជួយដល់កសិករខ្មែរ ធ្វើយ៉ាងណាសុំឱ្យដំណាំកសិកម្មនេះមានទីផ្សារ ដើម្បីកាត់បន្ថយចំណាកស្រុកដោយខុសច្បាប់៕