(ភ្នំពេញ)៖ លោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និងផលិតផលថ្នាំជក់ដល់ សិស្សានុសិស្ស នៅសាលាមធ្យមវិចិត្រសិល្បៈ។

នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និងផលិតផលថ្នាំជក់នេះដែរ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាន នីតិកម្មអប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ក្រសួងសុខាភិបាល។

លោក ហួត ស៊ីថន នាយករងសាលាមធ្យមវិចិត្រ សិល្ប: បានថ្លែងស្វាគមន៍ និងបានបង្ហាញពីគោលបំណងនៃការផ្សព្វផ្សាយនោះថា សិក្ខាសាលានេះដើម្បីយល់ដឹង និងឱ្យមានការចូលរួមរបស់និស្សិត ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលិតផលថ្នាំជក់ដើម្បីសុខភាព និងសុវត្ថិភាពសហគមន៍។

លោក គង់ កន្ថារ៉ា ក្នុងនាមតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការចូលរួមជួយក្នុងការងារបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀននៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ដោយហេតុថា បញ្ហាគ្រឿងញៀន ជាបញ្ហារួមទាំងអស់គ្នា ដែលត្រូវតែមូលមតិគ្នាជួយតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាចូលរួមរក្សាឲ្យបាននូវសុខភាពល្អជូនប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្ត សហគមន៍មានសុវត្ថិភាព គ្មានបញ្ហាគ្រឿងញៀន គ្មានបញ្ហាថ្នាំជក់ និងគ្មានបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានជម្រាបជូនថា ៩ខែឆ្នាំ២០២១នេះ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនមានចំនួន១៣ ៧៣៦នាក់ ក្នុងនោះអ្នក មានមុខរបរជាសិស្សនិស្សិតមានចំនួន ៣.៦៦ភាគរយ ហើយអ្នកមានអាយុពី១៨ឆ្នាំ-៣៥ឆ្នាំ នៅតែមានចំនួនច្រើនជាងគេ ប្រឈមជាងគេផងដែរ៕